Netflix នឹងផលិតវីដេអូឯកសារពីបេសកកម្ម Inspiration4 របស់ SpaceX ដែលធ្វើឡើងនៅខែក្រោយនេះ
ដោយ​ ៖ សុវណ្ណរតនៈ | 2 ខែមុន SHARE

 

ប្រមាណជាខ្ទង់ 6 ខែមុន យើងបានរាយការណ៍ម្ដងហើយ ទាក់ទងនឹងគម្រោងរបស់ SpaceX ទៅលើបេសកកម្ម Inspiration4 ដែលជាបេសកកម្មដំបូងបំផុតរបស់ខ្លួន គ្រោងនឹងនាំយកជនស៊ីវិលសុទ្ធសាធទាំង 4 រូប ទៅកាន់លំហ ហើយគោលដៅធំនៃបេសកកម្មនេះ គឺដើម្បីរៃអង្គាសថវិកា ផ្តល់ទៅឲ្យមន្ទីពេទ្យ និងមន្ទីស្រាវជ្រាវជម្ងឺរបស់កុមារមួយកន្លែង។ ពេលនេះយើងបានដឹងច្បាស់ពីពេលវេលានៃបេសកកម្មនោះហើយ បន្ថែមពីនេះ Netflix នឹងធ្វើការផលិតជាវីដេអូឯកសារ ដែលនិយាយទាក់ទងនឹងបេសកកម្មខាងលើទៀតផង។

មិនខុសទេ វីដេអូឯកសារដែល Netflix នឹងផលិតនោះ គឺមានលក្ខណៈជា Series ដោយគេបានដាក់ចំណងជើងថា "Countdown: Inspiration4 Mission to Space" ដោយក្នុងនោះ វានឹងមានសរុបចំនួន 5 ភាគ ហើយ 2 ភាគដំបូង នឹងត្រូវគេបង្ហោះជាផ្លូវការនៅថ្ងៃទី 6 ខែកញ្ញា ខណៈ 2 ភាគទៀតនៅថ្ងៃទី 13 ខែកញ្ញាខាងមុខនេះ។ បន្ទាប់មកទៀត Part ចុងក្រោយនោះ នឹងមានដាក់ឲ្យទស្សនាក្នុង Netflix នៅថ្ងៃទី 14, 15 និង 16 ខែកញ្ញា ក្នុងពេលដែលបេសកកម្ម Inspiration4 ចាប់ផ្តើមតែម្ដង ហើយទីតាំងចាប់ផ្តើមនោះ គឺនៅមជ្ឈមណ្ឌលលំហអាកាស Kennedy Space Center ក្នុងរដ្ឋ Florida ដូច្នេះមានន័យថា ភាគចុងក្រោយនោះ គឺស្ទើរតែជាការ Live ផ្ទាល់ Real-Time ទៅហើយ។ 

បេសសកម្ម Inspiration4 មិនមែនដូចបេសកកម្មរបស់ Blue Origin និង Virgin Galactic ដោយបង្ហោះរ៉ុកកែត និងឡើងទៅដល់ចំណុចចាប់ផ្តើមនៃលំហ ហើយមួយនាទីក្រោយមក ក៏ត្រលប់មកផែនដីវិញនោះទេ ពោលគឺរ៉ុកកែតរបស់ SpaceX នឹងនាំយកជនស៊ីវិលទាំង 4 រូប ទៅដល់គន្លងផែនដីតែម្ដង ហើយបន្ទាប់មកធ្វើដំណើរក្នុងលំហនោះ រយៈពេលដល់ទៅ 3 ថ្ងៃ ទើបត្រលប់មកកាន់ផែនដីវិញ។

គួរបញ្ជាក់ដែរថា ជនស៊ីវិលទាំង 4 រូបត្រូវបានជ្រើសរើសរួចហើយ ដោយរួមមានលោក លោក Jared Isaacman មានអាយុ 38 ឆ្នាំ ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Shift4 Payments ហើយគាត់ក៏នឹងដើរតួធ្វើជាមេបញ្ជាការ ឬ Commander ក្នុងយានអាវកាសនោះដែរ។ ចំណែក 3 រូបទៀតគឺមាន Hayley Arceneaux អាយុ 29 ឆ្នាំ មាននាទីជា Chief Medical Officer នៃបេសកកម្ម, Dr. Sian Proctor មានអាយ 51 ឆ្នាំ មាននាទីជា Pilot និងចុងក្រោយគឺ Chris Sembroski អាយុ 41 ឆ្នាំ និងមាននាទីជា Mission Specialist។ (ចុចត្រង់នេះ បើចង់ដឹងបន្ថែមពីបេសកកម្ម Inspiration4)!

ក្រឡេកទៅមើលវីដេអូឯកសាររបស់ Netflix វិញនោះ គឺត្រូវបានគេបញ្ជាក់ថា លោក Jason Hehir គឺជាអ្នកផលិតវីដេអូនោះ ដែលកន្លងមក គាត់ក៏ជាអ្នកផលិតវីដេអូឯកសារ ដែលទទួលបានការគាំទ្រមួយចំណងជើងថា "The Last Dance" នៅក្នុង Netflix ដែរ។

ប្រភព ៖ Business Insider
អត្ថបទទាក់ទង