ការសិក្សាបង្ហាញថា សម្រាប់ការប្រើប្រាស់ក្នុងស្ថានភាពទូទៅ Dark Mode ជួយសន្សំថ្មទូរសព្ទមិនបានច្រើននោះទេ
ដោយ​ ៖ ឈីរ៉ូ | 2 ខែមុន SHARE

 

ក្នុងពេលបច្ចុប្បន្ននេះ Dark Mode នៅលើទូរសព្ទឆ្លាត ត្រូវបានគេចាត់ទុកថា ជាមុខងារមានអត្ថប្រយោជ៍សម្រាប់អ្នកប្រើប្រាស់។ បើកមុខងារ Dark Mode នៅលើទូរសព្ទឆ្លាតរបស់អ្នក នឹងជួយសន្សំថ្មទូរសព្ទរបស់អ្នក ជាអ្វីដែលយើងបានឮកន្លងមក។ យ៉ាងណាមិញ បើយោងទៅតាមការសិក្សា និងស្រាវជ្រាវពីសាកលវិទ្យាល័យ Purdue បានបង្ហាញថា សម្រាប់ការប្រើប្រាស់ក្នុងស្ថានភាពទូទៅ មុខងារ Dark Mode ជួយសន្សំថ្មទូរសព្ទឆ្លាតមិនបានច្រើន ដូចអ្វីដែលមនុស្សមួយចំនួនធ្លាប់គិតកន្លងមកនោះទេ។

ការសិក្សារដដែលនេះ ក៏បានបង្ហាញទៀតថា ផ្ទៃ Background ខ្មៅក្រឹប ដែលឃើញមានក្នុងកម្មវិធីភាគច្រើន ជួយសន្សំថ្មមិនបានច្រើនដូចទៅនឹងផ្ទៃ Background ពណ៌ខ្មៅបែកប្រផេះនោះទេ នៅពេលបើកមុខងារ Dark Mode។ យោងទៅតាមការធ្វើតេស្តកម្មវិធីទាំង 6 ខុសគ្នា គឺ Calculator, Google Calendar, Google Maps, Google News, Google Phone និង YouTube ដំណើរការនៅលើ Google Pixel 2, Pixel 4, Pixel 5 និង Motorola Moto Z3 ជាទូរសព្ទឆ្លាតប្រើប្រាស់អេក្រង់ OLED ដូចគ្នាទាំងអស់ បានបង្ហាញថា មុខងារ Dark Mode ជួយសន្សំថ្មទូរសព្ទឆ្លាតទាំង 4 នេះ បានជាមធ្យមត្រឹមខ្ទង់ 3 ទៅ 9% ប៉ុណ្ណោះ នៅពេលដែលអេក្រង់របស់ពួកវា ស្ថិតនៅក្នុងកម្រិតពន្លឺចន្លោះពី 30 ទៅ 50%។

ដោយឡែក នៅពេលដែលអេក្រង់របស់ Google Pixel 2, Pixel 4, Pixel 5 និង Motorola Moto Z3 ស្ថិតនៅក្នុងកម្រិតពន្លឺពេញ 100% មុខងារ Dark Mode ជួយសន្សំសំចៃថ្មរបស់ទូរសព្ទឆ្លាតទាំង 4 នេះ បានដល់ទៅខ្ទង់ 47% ឯណោះ។ អញ្ចឹងបើយោងទៅតាមលទ្ធផលធ្វើតេស្តនេះ បានបង្ហាញជារួមថា សម្រាប់ការប្រើប្រាស់ក្នុងស្ថានភាពទូទៅ (Indoor) មុខងារ Dark Mode ជួយសន្សំថ្មទូរសព្ទឆ្លាតមិនបានច្រើន ដូចនៅពេលដែលប្រើប្រាស់ក្នុងស្ថានភាពត្រូវពន្លឺថ្ងៃពេញ (Outdoor) នោះទេ។

ប្រភព ៖ XDA
អត្ថបទទាក់ទង