Mi MIX 4 អាចនឹងក្លាយជាទូរសព្ទឆ្លាតដំបូងរបស់ Xiaomi ដែលគាំទ្របច្ចេកវិទ្យា Ultra-Wideband
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ធ្លាប់មានដំណឹងលេចឮជាច្រើនដែរ ទាក់ទងនឹងវត្តមាន Mi MIX 4 របស់ Xiaomi ដោយវាអាចនឹងក្លាយជាទូរសព្ទឆ្លាតគួរឲ្យចាប់អារម្មណ៍មួយ ទាំងទៅលើការរចនារូបរាង និងបច្ចេកវិទ្យាដែលវាអាចបំពាក់មក ព្រោះកន្លងទៅ មានព័ត៌មានថា វាអាចនឹងមានបំពាក់កាមេរ៉ាមុខបង្កប់ក្រោមអេក្រង់ទៀតផង។ ដោយឡែកនៅក្នុងពេលនេះវិញ យើងទើបទទួលបានដំណឹងថ្មីមួយទៀត និយាយពីទូរសព្ទឆ្លាតម៉ូឌែលខាងលើដូចគ្នា ដែលលើកនេះបង្ហាញទាក់ទងនឹង បច្ចេកវិទ្យាសំខាន់ដំបូងមួយ សម្រាប់យីហោ Xiaomi។

បើតាមប្រភពកូដ នៅក្នុង MIUI បានបង្ហើបឲ្យដឹងថា ទូរសព្ទឆ្លាតជំនាន់ថ្មីមួយរបស់ Xiaomi ដែលមានកូដម៉ូឌែល "Odin" នឹងទទួលបានបច្ចេកវិទ្យា Ultra-Wideband។ មិនខុសទេ ដំណឹងលេចធ្លាយកន្លងទៅនេះ ធ្លាប់បញ្ជាក់ថា ទូរសព្ទឆ្លាតដែលមានឈ្មោះកូដ Odin មានភាគរយច្រើនដែលនឹងត្រូវគេហៅថា Mi MIX 4 ហ្នឹងតែម្ដង ដូច្នេះហើយអាចនិយាយបានថា Mi MIX ជំនាន់ថ្មីនេះ អាចនឹងក្លាយជាទូរសព្ទឆ្លាតដំបូងបំផុតរបស់ Xiaomi ទទួលបានបច្ចេកវិទ្យាខាងលើ។ បច្ចុប្បន្ននេះ មានទូរសព្ទឆ្លាតមិនច្រើននោះទេ ដែលមានបច្ចេកវិទ្យា UWB ជាក់ស្ដែងគឺមានតែនៅលើ iPhone 11 Series, iPhone 12 Series, Galaxy Note 2០ Ultra និង Galaxy S21 Series ប៉ុណ្ណោះ។

ក្រៅពីទទួលដំណឹងថ្មីដូចខាងលើនេះ Mi MIX 4 ក៏ត្រូវបានគេឃើញ ទទួលបានវិញ្ញាបនបត្រ TENAA ដែរ ប៉ុន្តែក្នុងនោះមិនមានបញ្ជាក់អ្វីសំខាន់ទេ គ្រាន់តែវាជាតម្រុយមួយ ឲ្យយើងដឹងថា វត្តមានរបស់វា កាន់តែជិតបង្ហាញខ្លួនផ្លូវការហើយ។

កន្លងមកធ្លាប់មានដំណឹងលេចធ្លាយថា Xiaomi អាចនឹងប្រកាសចេញ ទូរសព្ទឆ្លាតម៉ូឌែលកំពូលខាងលើ នៅក្នុងអំឡុងខែសីហាខាងមុខនេះតែម្ដង។

សម្រាប់អ្នកដែលមិនទាន់ដឹងពីបច្ចេកវិទ្យា Ultra-Wideband សូមបញ្ជាក់ថា នេះជាបច្ចេកវិទ្យាមួយ ដែលជួយឲ្យការផ្ទេរទិន្នន័យផ្សេងៗ រវាងទូរសព្ទឆ្លាតមួយទៅមួយ បានកាន់តែរហ័សថែមទៀត ជាមួយវិធីផ្ញើយ៉ាងឆ្លាតវៃតែម្ដង ហើយកាន់តែពិសេស វាក៏ជាផ្នែកសំខាន់មួយ ដែលធ្វើឲ្យទូរសព្ទឆ្លាតដើរតួជាសោប្រភេទ Digital សម្រាប់រថយន្តបាន ក៏ដូចជាបច្ចេកវិទ្យាមួយ ដែលជួយឲ្យការតាមដានទីតាំងរបស់ឧបករណ៍ផ្សេងៗ បានកាន់តែត្រឹមត្រូវជាក់លាក់។ អ្នកទាំងអស់គ្នា អាចចុចត្រង់នេះបាន ដើម្បីចូលទៅមើលលម្អិតពីមុខងារ UWB នៅលើទូរសព្ទឆ្លាតរបស់ Samsung។ 

ប្រភព ៖ Notebook Check
អត្ថបទទាក់ទង