Power Bank ថ្មី 20,000mAh កម្លាំង 50W របស់ Xiaomi អាចសាកថ្មឲ្យទូរសព្ទ, Laptop, និង Accessory ផ្សេងទៀត
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

នៅក្នុងថ្ងៃនេះ Xiaomi ប្រចាំប្រទេសឥណ្ឌា បានបង្ហាញពីគម្រោងផលិត Power Bank មួយម៉ូឌែលផ្សេងទៀត មានឈ្មោះហៅថា Mi Power Bank Hyper Sonic។ Power Bank ថ្មីចុងក្រោយរបស់ Xiaomi នេះ នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចសាកបញ្ចូលថ្មឲ្យឧបករណ៍អេឡិចត្រូនិចច្រើនក្នុងពេលតែមួយ ដោយក្នុងនោះរាប់បញ្ចូលទាំងទូរសព្ទឆ្លាត, កុំព្យូទ័រយួរដៃ (Laptop) និងគ្រឿង Accessory មួយចំនួនផ្សេងទៀតផងដែរ។

Mi Power Bank Hyper Sonic ដែល Xiaomi គ្រោងនឹងប្រមូលលុយពីអ្នកគាំទ្រ ដើម្បីផលិតចេញជារូបរាងនេះ មានថាមពលដល់ទៅ 20,000mAh ក៏ដូចជាមានតួខ្លួនប្រណិត ជាមួយពណ៌ខ្មៅគ្រើម ធ្វើឡើងពីសារធាតុប៉ូលីកាបូណាតផងដែរ។ លើសពីនេះ វាក៏បានភ្ជាប់មកជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 50W ថែមទៀតផង។ មានន័យថា Power Bank ថ្មីចុងក្រោយរបស់ Xiaomi នេះ នឹងមានសមត្ថភាពអាចសាកបញ្ចូលថ្មឲ្យទូរសព្ទឆ្លាត ជាមួយកម្លាំងដល់ទៅ 50W ឯណោះ។ មិនត្រឹមតែប៉ុណ្ណោះ Power Bank ថ្មីមួយនេះ ក៏អាចសាកបញ្ចូលថ្មឲ្យ Laptop ជាមួយកម្លាំង 45W តាមរយៈបច្ចេកវិទ្យា USB Power Delivery 3.0 របស់វាផងដែរ។ Mi Power Bank Hyper Sonic បានភ្ជាប់មកជាមួយរន្ធ USB-A ចំនួន 2 ក៏ដូចជារន្ធ USB-C ចំនួន 1 ទៀតផងដែរ ហេតុដូច្នេះហើយ វាអាចសាកថ្មឲ្យឧបករណ៍អេឡិចត្រូនិចច្រើន ក្នុងពេលតែមួយបានយ៉ាងងាយស្រួល។

យោងទៅតាមការលើកឡើងរបស់ Xiaomi ផ្ទាល់ Mi Power Bank Hyper Sonic មានសមត្ថភាពសាកបញ្ចូលថ្មឲ្យ Mi 11X មានថាមពលថ្មទំហំ 4,500mAh មួយពេញ ចំណាយពេលខ្ទង់ 1 ម៉ោង និង 5 នាទីប៉ុណ្ណោះ។ ខណៈ Laptop ដូចជា Lenovo L480 វាចំណាយពេលខ្ទង់ 2 ម៉ោង និង 27 នាទី សម្រាប់ការសាកបញ្ចូលថ្មពី 0 ដល់ពេញ 100%។ ដោយឡែក សម្រាប់ការសាកបញ្ចូលថ្មឲ្យ Mi Power Bank Hyper Sonic វិញ ត្រូវចំណាយពេលខ្ទង់ 3 ម៉ោង និង 50 នាទី។ គួរបញ្ជាក់ផងថា Xiaomi បានចាប់ផ្តើមទទួលប្រមូលលុយ សម្រាប់គម្រោងផលិត Mi Power Bank Hyper Sonic នៅលើ Website របស់ខ្លួនហើយ ក្នុងរយៈពេលកំណត់ 15 ថ្ងៃ ជាមួយគោលដៅសរុបចំនួន 2,500 គ្រឿង ដោយក្នុងមួយគ្រឿងមានតម្លៃខ្ទង់ 47 ដុល្លារ។

ប្រភព ៖ Xda Developer
អត្ថបទទាក់ទង