AMD Radeon RX 6600XT ជាក្រាហ្វិកកាតថ្មីតម្លៃទាបកម្លាំងខ្លាំងមួយ ក្នុងត្រកូល RX 6000-Series
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ប្រមាណជាមួយខែមុន AMD បានប្រកាសចេញក្រាហ្វិកកាតសម្រាប់ Desktop ជំនាន់ថ្មី Radeon RX 6000-Series របស់ខ្លួនជាផ្លូវការ ដោយក្នុងនោះយើងឃើញមាន 3 ម៉ូឌែលគឺ RX 6800M, RX 6700M និង RX 6600M នេះឯង។ ដោយឡែកថ្មីៗនេះ ក្រុមហ៊ុនខាងលើទើបប្រកាសចេញសមាជិកថ្មីមួយទៀត នៅក្នុងត្រកូលក្រាហ្វិកកាតខាងលើដែរ ដោយវាមានឈ្មោះថា Radeon RX 6600XT ហើយគោលដៅសំខាន់នៃក្រាហ្វិកកាតនេះ គឺផ្តល់ឲ្យអ្នកប្រើនូវសមត្ថភាពប្រសើរមួយ ជាមួយតម្លៃទាបប្រកួតប្រជែងនឹង RTX 3060 របស់ NVIDIA តែម្ដង។

បើធៀបទៅនឹង សមាជិកក្នុងត្រកូល RX 6000-Series ដទៃទៀត អាចនិយាយបានថា RX 6600XT ជាក្រាហ្វិកកាតដែលមានតម្លៃទាបបំផុតមួយ និងមានសមត្ថភាពប្រសើរដូចគ្នា ដោយវាបានប្រើប្រាស់ GPU ប្រភេទ Navi 23 របស់ AMD ផ្ទាល់។ ក្រាហ្វិកកាតថ្មីនេះ មានអង្គគណនាចំនួន 32 ហើយបើធៀបទៅនឹងម៉ូឌែលបងៗរបស់វាឃើញថា RX 6700XT មានដល់ 40 ចំណែកឯម៉ូឌែល RX 6800 វិញ ឡើងដល់ទៅ 60 តែម្ដង។ វាអាចរត់បានក្នុងល្បឿនខ្ពស់បំផុត 2359MHz នៅពេលកំពុងលេងហ្គេម ហើយក៏អាចជំរុញបន្ថែមល្បឿន ឲ្យបានកាន់តែខ្ពស់ជាងនេះបន្តិចទៀតបានដែរ ដែលឡើងដល់ 2589MHz។ 

RX 6600XT បានប្រើប្រាស់ VRAM ទំហំ 8GB GDDR6 ហើយវាក៏គាំទ្រជាមួយមុខងារ Microsoft DirectX Ultimate បាន ក៏ដូចជាអាចគាំទ្រទៅកាន់អេក្រង់បង្ហាញកម្រិត 8K តាមរយៈ HDMI 2.1 និងគាំទ្រ Native AV1 Decoding ផងដែរ។

ក្រាហ្វិកកាតនេះ ទាមទារថាមពល 160W ហើយ AMD ផ្ទាល់អះអាងថា RX 6600XT ត្រូវបានធ្វើឡើង ដើម្បីឲ្យការលេងហ្គេម 1080p ទទួលបាន Frame Rate ខ្ពស់ ហើយជាមធ្យម ក្រាហ្វិកកាតនេះមានល្បឿនលឿនជាង RTX 3060 របស់ NVIDIA ដល់ទៅ 15% ទៀតផង។ ក្រុមហ៊ុនខាងលើក៏បន្ថែមទៀតថា ក្រាហ្វិកកាតថ្មីរបស់គេនោះ ត្រូវបានពង្រឹងសមត្ថភាព ឲ្យកាន់តែប្រសើរជាង RX 5600XT ជំនាន់មុនដល់ទៅ 1.5 ដងឯណោះ ហើយបើធៀបនឹង GTX 1060 របស់ NVIDIA វិញ វាខ្លាំងជាងដល់ទៅ 2.5 ដងទៀតផង។ 

AMD ក៏បានបញ្ជាក់ប្រាប់ច្បាស់ ទាក់ទងនឹងតម្លៃ ក៏ដូចជាពេលវេលាចេញលក់ផ្លូវការដែរ ពោលគឺ Radeon RX 6600XT មានតម្លៃខ្ទង់ 379 ដុល្លារ ហើយនឹងចាប់ផ្តើមដាក់លក់ចាប់ពីថ្ងៃទី 11 ខែសីហាខាងមុខនេះទៅ។

ប្រភព ៖ GSMArena
អត្ថបទទាក់ទង