យល់យ៉ាងណាដែរ បើទូរសព្ទឆ្លាតជំនាន់ថ្មី OnePlus 10 Pro មានទម្រង់កាមេរ៉ាក្រោយមូលធំបែបនេះ?
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

កាលពីដើមឆ្នាំ 2021 នេះ OnePlus 9 Series ត្រូវបានប្រកាសចេញជាផ្លូវការ ហើយពួកវាបង្ហាញខ្លួនមក ក្នុងនាមជាទូរសព្ទឆ្លាតលំដាប់កំពូលរបស់ OnePlus តែម្តង។ តាមទម្លាប់ OnePlus នឹងប្រកាសចេញទូរសព្ទឆ្លាត ស្ថិតនៅក្នុងត្រកូល T របស់ខ្លួន នៅក្នុងអំឡុងត្រីមាសទី 4 ឆ្នាំ 2021 ខាងមុខ។ យ៉ាងណាមិញ កាលពីប៉ុន្មានថ្ងៃមុន មានគេរាយការណ៍មកថា នៅក្នុងឆ្នាំ 2021 នេះ នឹងមិនមានវត្តមានរបស់ OnePlus 9T នោះទេ។

អញ្ចឹងបើអ្វីដែលគេបានលើកឡើង ក្លាយទៅជាការពិតមែននោះ មានន័យថា សម្រាប់ប្រិយមិត្តដែលមានគម្រោង ចង់ទិញយកទូរសព្ទឆ្លាតជំនាន់ថ្មី ស្ថិតនៅក្នុងត្រកូល T របស់ OnePlus មកប្រើប្រាស់នោះ ប្រហែលជាត្រូវរង់រហូតដល់ឆ្នាំក្រោយហើយមើលទៅ។ យ៉ាងណាមិញ បើអ្នកមិនចង់រង់ចាំយូរនោះទេ អ្នកក៏អាចពិចារណាទៅលើ OnePlus 10 Series ដែលត្រូវបានគេរំពឹងថា នឹងប្រកាសចេញនៅក្នុងអំឡុងត្រីមាសទី 1 ឆ្នាំ 2022 ខាងមុខផងដែរ។ ពាក់ព័ន្ធទៅនឹង OnePlus 10 Series នេះដែរ កាលពីពេលថ្មីៗនេះ លោក Jermaine Smit អ្នកជំនាញខាងបង្កើតរូបភាព និងវីដេអូ Concept របស់សារព័ត៌មាន LetsGoDigital បានបង្ហាញពីគំនិតដែលគាត់យល់ឃើញទៅលើ OnePlus 10 Pro។ យោងទៅតាមរូបភាព Concept ដែលគាត់បានបង្កើតឡើង បានបង្ហាញថា OnePlus 10 Pro នឹងបំពាក់មកជាមួយអេក្រង់កោងលាតពេញ ប្រើប្រាស់កាមេរ៉ាបង្កប់ក្រោមអេក្រង់ ក៏ដូចជាមានខ្នងក្រោយធ្វើឡើងពីស្បែកផងដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺរូបភាព Concept ដែលលោក Jermaine Smit បានបង្កើតឡើង បានបង្ហាញថា OnePlus 10 Pro នឹងភ្ជាប់មកជាមួយកាណុងកាមេរ៉ាក្រោយដ៏ធំ មានសណ្ឋានជាកងរង្វង់មូល ស្ថិតនៅចំកណ្តាលនៃផ្នែកខាងលើ ផ្ទុកសេនស័រចំនួន 2 គ្រាប់ ភ្លើង LED Flash 1 គ្រាប់ ក៏ដូចជា Xenon Flash ទ្រវែងមួយបន្ថែមទៀតផងដែរ។ បើសង្កេតមើលឲ្យដិតដល់ យើងឃើញថា កងរង្វង់កាមេរ៉ាក្រោយរបស់ OnePlus 10 Pro យកលំនាំទៅតាម Hasselblad 500c ប្រភេទ Analog ដែលត្រូវផលិតឡើងក្នុងឆ្នាំង 1957 ច្រើន។ ជាមួយគ្នានេះដែរ លោក Jermaine Smit ក៏បានរំពឹងទៀតថា OnePlus 10 Pro នឹងបំពាក់មកជាមួយអេក្រង់ទំហំ 6.7 អ៊ីញ ប្រភេទ AMOLED អាចបង្ហាញរូបភាពក្នុងកម្រិត 3216 x 1440 ភិចស៊ែល គាំទ្រ Refresh Rate 120Hz និងបច្ចេកវិទ្យា LTPO ក៏ដូចជាមានជម្រៅទឹកពណ៌ (Color Depth) ដល់ទៅ 10bit ផងដែរ។

ប្រភព ៖ LetsGoDigital
អត្ថបទទាក់ទង