Apple នៅតែបន្តនាំមុខគេលើទីផ្សារថេប្លេតក្នុងត្រីមាសទី 2 តាមពីក្រោយដោយ Samsung និង Lenovo
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

កាលពីត្រីមាសទី 1 ក្នុងឆ្នាំ 2021 កន្លងទៅនេះ យើងទទួលបានរបាយការណ៍ថា ទីផ្សារថេប្លេតមានកំណើនខ្ពស់មែនទែន ដល់ទៅខ្ទង់ 55% ឯណោះ ហើយក្នុងចំនួនកំណើននេះដែរ Apple គឺជាអ្នកដែលឈរលើកំពូលតារាង ដោយសារតែគេបានលក់ចេញ iPad បានច្រើនជាងថេប្លេតដទៃទៀត។ ដោយឡែកក្រឡេកមកមើលលទ្ធផលប្រចាំត្រីមាសទី 2 ដែលទើបត្រូវបានក្រុមអ្នកស្រាវជ្រាវ IDC បង្ហាញថ្មីៗនេះវិញ ទីផ្សារថេប្លេតទាំងមូលមិនមានកំណើនខ្ពស់ប៉ុន្មានទេ បើធៀបនឹងឆ្នាំមុន។

មិនខុសទេ យោងតាមរបាយការណ៍ចេញពីក្រុមអ្នកព្យាករណ៍ និងស្រាវជ្រាវទីផ្សារថេប្លេត IDC បានបង្ហាញឲ្យដឹងថា នៅក្នុងត្រីមាសទី 2 កន្លងទៅនេះ ចំនួនថេប្លេតដែលនាំចេញសរុបបានប្រមាណជាជាង 40 លានគ្រឿង ដែលកើនឡើងខ្ទង់ 4.2% ធៀបនឹងត្រីមាសទី 2 ឆ្នាំមុន។ ក្រុមហ៊ុនដែលនាំចេញបានច្រើនជាងគេ គឺនៅតែជា Apple ដដែលហ្នឹងឯង ដោយគេលក់ចេញ iPad បានប្រមាណជា 12.9 លានគ្រឿង មានចំណែកទីផ្សារ 31.9% ហើយក្រុមហ៊ុនដែលឈរនៅលេខ 2 គឺប្រាកដណាស់ជា Samsung ដោយក្រុមហ៊ុនកូរ៉េខាងត្បូងនេះ លក់ចេញ Galaxy Tab របស់ខ្លួន បានប្រមាណជាខ្ទង់ 8 លានគ្រឿង ប្រហាក់ប្រហែលត្រីមាសទី 1 កន្លងទៅដែរ ហើយចំណែកទីផ្សារក្នុងត្រីមាសទី 2 របស់គេ គឺខ្ទង់ 19.6% ផងដែរ។

សម្រាប់លេខរៀងពី 1 ដល់ 5 នៃក្រុមហ៊ុនដែលនាំចេញថេប្លេតបានច្រើនជាងគេនោះ គឺមិនខុសពីត្រីមាសទី 1 ឡើយ ជាក់ស្ដែងលេខ 3 គឺជា Lenovo ដោយគេបាននាំចេញថេប្លេតសរុបទៅកាន់ទីផ្សារបាន 4.7 លានគ្រឿង មានចំណែកទីផ្សារ 11.6%។ ចូលទៅដល់ក្រុមហ៊ុនទី 4 គឺជា Amazon ដែលគេលក់ចេញបានប្រមាណជា 4.3 លានគ្រឿង មានចំណែកទីផ្សារ 10.7% ហើយចំណែកឯចុងក្រោយនោះគឺ Huawei ដែលគេលក់ចេញថេប្លេតបានត្រឹមតែ 2.1 លានគ្រឿងប៉ុណ្ណោះ មានចំណែកទីផ្សារ 5.1%។

ប្រភព ៖ IDC
អត្ថបទទាក់ទង