iQOO 8 Pro អាចនឹងក្លាយជាទូរសព្ទដំបូងគេ ដែលប្រើអេក្រង់ AMOLED ជំនាន់ថ្មីចុងក្រោយបង្អស់របស់ Samsung
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

ក្រៅពីផលិតអេក្រង់សម្រាប់យកប្រើ នៅលើទូរសព្ទឆ្លាតរបស់ខ្លួនហើយ Samsung ក៏បានផលិតអេក្រង់ AMOLED សម្រាប់យកទៅលក់ឲ្យក្រុមហ៊ុនដទៃផងដែរ។ ជាក់ស្តែង ក្រុមហ៊ុនផលិតទូរសព្ទឆ្លាតធំៗដូចជា Apple, Xiaomi, OPPO, OnePlus, vivo, iQOO និង Huawei សុទ្ធតែធ្លាប់បានទិញអេក្រង់ពី Samsung ទាំងអស់។ គួរបញ្ជាក់ផងថា អេក្រង់ AMOLED ដែល Samsung ផលិតសម្រាប់យកទៅលក់ឲ្យក្រុមហ៊ុនដទៃនោះ គឺមានឈ្មោះសម្គាល់ហៅថា E Series ហើយទល់មកពេលនេះវាចេញដល់ E4 ហើយ។

យ៉ាងណាមិញ យោងទៅតាមដំណឹងដែលទទួលបានថ្មីៗ បានបង្ហាញឲ្យយើងដឹងថា ខណៈពេលនេះ Samsung បានចាប់ផ្តើមផលិតអេក្រង់ AMOLED ជំនាន់ថ្មីចុងក្រោយបង្អស់របស់ខ្លួន មានឈ្មោះសម្គាល់ហៅថា E5 ជាបណ្តើរៗហើយ។ ជាមួយគ្នានេះដែរ តាមរយៈគណនីបណ្តាញសង្គម Twitter របស់ខ្លួន អ្នកចែកចាយព័ត៌មានបែកធ្លាយល្បីឈ្មោះ Ice Universe បានអះអាងថា iQOO 8 Pro នឹងក្លាយជាទូរសព្ទដំបូងគេបង្អស់ ដែលប្រើប្រាស់អេក្រង់ AMOLED ជំនាន់ថ្មី E5 របស់ Samsung តែម្តង។ ដោយឡែក កាលពីឆ្នាំ 2020 កន្លងទៅ Xiaomi Mi 11 បានក្លាយជាទូរសព្ទដំបូងគេបង្អស់ ដែលប្រើប្រាស់អេក្រង់ AMOLED E4 របស់ Samsung ដូចគ្នា។

មិនទាន់អស់នោះទេ តាមរយៈព័ត៌មានដែលទទួលបានពីបណ្តាញសង្គម Weibo បានបង្ហាញឲ្យយើងបានដឹងបន្ថែមទៀតថា អេក្រង់ AMOLED ជំនាន់ថ្មី E5 ដែលបំពាក់នៅលើ iQOO8 Pro នឹងអាចបង្ហាញរូបភាពក្នុងកម្រិត QHD+ គាំទ្រ Refresh Rate 120Hz និងបច្ចេកវិទ្យា LTPO ផងដែរ។ លើសពីនេះ វាក៏មានកម្រិតពន្លឺ 1500 nits ក៏ដូចជាជម្រៅទឹកពណ៌ (Color Depth) 10bit ពិតប្រាកដ ថែមទៀតផង។ ក្រៅពីអេក្រង់ AMOLED ជំនាន់ថ្មី E5 របស់ Samsung ហើយ iQOO8 Pro ក៏អាចនឹងបង្ហាញខ្លួនមកជាមួយ ឈីប Snapdragon 888+ និងបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 160W ផងដែរ។

ប្រភព ៖ Ice Universe
អត្ថបទទាក់ទង