ក្នុងប្រអប់របស់ Huawei P50 នឹងមិនមានដាក់ឆ្នាំងសាកឲ្យមកស្រាប់នោះទេ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ថ្មីៗនេះ Huawei ទើបតែបានប្រកាសចេញទូរសព្ទឆ្លាតត្រកូល P របស់ខ្លួនជាផ្លូវការ ដោយក្នុងនោះគឺមានតែចំនួនពីរម៉ូឌែលប៉ុណ្ណោះរួមមាន Huawei P50 និង Huawei P50 Pro ដោយមិនមានម៉ូឌែល Pro Plus មួយទៀត ដូចឆ្នាំមុននោះឡើយ។ បន្ទាប់ពីបានប្រកាសចេញមក យើងក៏បានឃើញប្រភពជាច្រើន បានបង្ហាញវីដេអូ Unboxing ឲ្យឃើញថា Huawei P50 Series មិនត្រូវបានដាក់បញ្ចូលឆ្នាំងសាក មកក្នុងប្រអប់មកនោះឡើយ ហើយបើផ្អែកលើវេបសាយផ្លូវការរបស់ក្រុមហ៊ុនចិននេះវិញ គឺពិតជាមិនមានដាក់ឆ្នាំងសាកឲ្យមែន សម្រាប់ម៉ូឌែល Huawei P50។

បើតាមការរៀបរាប់របស់ Huawei នៅក្នុងវេបសាយរបស់គេផ្ទាល់ គឺបានបញ្ជាក់យ៉ាងច្បាស់ថា Huawei P50 មិនមានដាក់បញ្ចូលមកជាមួយឆ្នាំងសាកនោះទេ ហើយសូម្បីតែខ្សែសាក USB-C ក៏មិនមានដែរ។ អ្វីដែល Huawei បានដាក់ក្នុងប្រអប់របស់ P50 គឺមានដូចជា ទូរសព្ទឆ្លាតមួយគ្រឿង, ស្រោមការពារថ្លាមួយ (សម្រាប់តែទីផ្សារមួយចំនួនប៉ុណ្ណោះ), សៀវភៅណែនាំ, ម្ជុលចាក់ស៊ីម និង Warranty Card (សម្រាប់តែទីផ្សារមួយចំនួន) ហ្នឹងឯង។ 

ក្រឡេកទៅមើលម៉ូឌែល Pro វិញ ដែលយើងបានឃើញវីដេអូជាច្រើនបង្ហាញថា មិនមានឆ្នាំងសាកនោះ ប៉ុន្តែនៅក្នុងវេបសាយរបស់ Huawei ប្រចាំទីផ្សារសកលផ្ទាល់បញ្ជាក់ថា វាមានភ្ជាប់មកជាមួយឆ្នាំងសាក និងខ្សែសាក USB-C មួយ រួមទាំងមានសម្ភារៈសំខាន់ផ្សេងៗទៀត ដូចម៉ូឌែល Huawei P50 ធម្មតាដែរ។

សូមបញ្ជាក់ដែរថា Huawei P50 Series បានបំពាក់មកជាមួយលក្ខណៈសម្បត្តិប្រសើរច្រើនគួរសម ដែលចំណុចគួរឲ្យចាប់អារម្មណ៍នោះគឺ ទៅលើម៉ូឌែល Pro ដែលកាមេរ៉ាមានសមត្ថភាពអាចពង្រីកបានដល់ 200 ដងឯណោះ។ បើទោះជាបែបនេះមែនក៏ដោយ ប៉ុន្តែមានចំណុចសំខាន់មួយ ដែលប្រិយមិត្តត្រូវដឹង នោះគឺថា Huawei P50 Series មិនអាចគាំទ្រជាមួយ 5G បាននោះឡើយ មិនថាម៉ូឌែលប្រើឈីប Snapdragon 888 ឬ Kirin 9000 នោះទេ គឺសុទ្ធសឹងតែមិនមាន 5G ដូចគ្នា។ សម្រាប់ប្រិយមិត្ត ដែលចង់ស្វែងយល់បន្ថែមពីលក្ខណៈសម្បត្តិរបស់វា អាចចុចត្រង់នេះបាន

ប្រភព ៖ Huawei Global
អត្ថបទទាក់ទង