Apple ស្នើរឲ្យ Leaker ល្បីឈ្មោះមួយចំនួនរបស់ចិន បង្ហាញពីប្រភពដើមដែលពួកគេទទួលបានព័ត៌មាន
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

កាលពីខែមិថុនាឆ្នាំ 2021 កន្លងទៅ មានគេរាយការណ៍មកថា Apple បានចាត់វិធានការទៅលើអ្នកចែកចាយព័ត៌មានបែកធ្លាយ (Leaker) ល្បីឈ្មោះមួយចំនួនរបស់ចិន។ ដោយ Leaker ទាំងនោះ ទទួលបានលិខិតព្រមាន ក៏ដូចជាដាស់តឿនពីមេធាវីតំណាងឲ្យ Apple។ ដោយឡែក ខណៈពេលនេះវិញ យើងយើងទទួលបានដំណឹងថ្មីមួយផ្សេងទៀត ដែលបង្ហាញថា Apple មិនទាន់បញ្ឈប់ត្រឹមហ្នឹងនៅឡើយនោះទេ។

តាមរយៈព័ត៌មានដែលទទួលបានថ្មីៗ បានធ្វើឲ្យយើងដឹងថា ខណៈពេលនេះ Apple កំពុងតែចាត់វិធានការទៅលើ Leaker ទាំងនោះ តាមផ្លូវច្បាប់របស់ប្រទេសចិនហើយ។ យោងទៅតាមរូបភាពលិខិតមួយច្បាប់ ដែលបង្ហោះនៅលើបណ្តាញសង្គម Weibo បានធ្វើឲ្យយើងដឹងផងដែរថា Apple បានសង្កត់ធ្ងន់ថា Leaker មិនត្រូវបង្ហើប ឬបង្ហាញព័ត៌មានទាក់ទងទៅនឹងផលិតផលថ្មីៗ ដែលមិនទាន់ប្រកាសចេញជាផ្លូវការ ក៏ដូចជាគម្រោងថ្មីៗរបស់ Apple នោះទេ ព្រោះវាអាចធ្វើឲ្យដៃគូប្រកួតប្រជែងរបស់ Apple ទទួលបានព័ត៌មានសំខាន់ៗទាំងនោះ។ លើសពីនេះ វាក៏ធ្វើឲ្យខូចខាតផលប្រយោជន៍របស់ក្រុមហ៊ុនពួកគេថែមទៀតផង។

តាមរយៈប្រភពដដែល ក៏បានធ្វើឲ្យយើងបានដឹងបន្ថែមទៀតថា Apple បានទុកពេលចំនួន 14 ថ្ងៃ ដើម្បីឲ្យ Leaker ទាំងនោះ ឆ្លើយតបទៅនឹងទង្វើដែលពួកគេបានប្រព្រឹត្តិ ត្រង់នេះចង់សំដៅទៅលើព័ត៌មានបែកធ្លាយដែលពួកគេបានចែកចាយហ្នឹងឯង។ មិនទាន់អស់នោះទ Apple ក៏បានស្នើរឲ្យ Leaker ទាំងនោះ បង្ហាញពីប្រភពដើមដែលពួកគេទទួលបានម៉ាស៊ីនគំរូ ឬព័ត៌មានពាក់ព័ន្ធទៅនឹងផលិតផលថ្មីៗរបស់ Apple ដែលមិនទាន់ប្រកាសចេញថែមទៀតផង។

ប្រភព ៖ Weibo
អត្ថបទទាក់ទង