AI អនាគតរបស់ IBM នឹងអាចគណនារយៈពេលវិវត្តច្បាស់លាស់ លើអ្នកជំងឺផាកឃីនសុន
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

ស្របនឹងពេលដែល មនុស្សភាគច្រើនតែងតែព្រួយបារម្ភ លើជំងឺគ្រោះថ្នាក់ធំៗដូចជា ទឹកនោមផ្អែម និងលើសឈាមជាដើម ប៉ុន្ដែក៏អាចនឹងមើលរំលង ជំងឺផាកឃីនសុនផងដែរ។ ហេតុដូច្នេះហើយ ទើបក្រុមហ៊ុនបច្ចេកវិទ្យា IBM និងមូលនិធិរបស់លោក Michael J. Fox បានចាប់ដៃគូគ្នាបង្កើតបច្ចេកវិទ្យា AI ជំនាន់ថ្មី ដែលអាចសម្គាល់ដឹងអំពី ការវិវត្តយ៉ាងច្បាស់លាស់ លើអ្នកមានជំងឺផាកឃីនសុនទាំងអស់។

អ្នកកើតជំងឺផាកឃីនសុន ភាគច្រើនជាមនុស្សចាស់អាយុ 50 ឆ្នាំឡើងទៅ និងមានការលំបាកខ្លាំង ក្នុងការរក្សាតុល្យភាពខ្លួន អាចរហូតដល់មិនអាចឈរបាន ព្រមទាំងរឹងសាច់ដុំ ឬញាក់ញ័រជាដើម។ ការធ្វើតាមវិធីសាស្រ្ដថ្មីបែបនោះ នឹងអនុញ្ញាតឲ្យវេជ្ជបណ្ឌិត កាន់តែងាយស្រួលវិភាគ ស្ថានភាពរបស់អ្នកជំងឺ ក៏ដូចជាឆាប់ស្វែងរក វិធីទប់ស្កាត់បានលឿន ឲ្យមានប្រសិទ្ធិភាពបំផុត។ វាគ្រាន់បើជាងការប៉ាន់ស្មានធម្មតា ដែលពេលខ្លះអាចប៉ាន់ស្មានខុស នាំឲ្យខាតបង់ពេលវេលា ដូចក្នុងពេលបច្ចុប្បន្ននេះ។

គួរបញ្ជាក់ផងដែរថា ជំងឺផាកឃីនសុន មិនទាន់មានវិធីព្យាបាលបាននៅឡើយទេ ដូច្នេះហើយសង្ឃឺមថា AI អនាគតរបស់ IBM នឹងជួយសម្រួលបានមួយចំណែកធំ។ ក្រុមហ៊ុនបញ្ជាក់ប្រាប់ថា ពួកគេបានដកស្រង់ទិន្នន័យចេញពី អ្នកជំងឺផាកឃីនសុនចំនួន 1,400 នាក់ ដើម្បីបញ្ចូលឲ្យប្រព័ន្ធ AI ថ្មី សិក្សាយ៉ាងម៉ត់ចត់ និងគណនារយៈពេលវិវត្ត លើអ្នកជំងឺផ្សេងៗទៀតឲ្យបានត្រឹមត្រូវ។

នាពេលបច្ចុប្បន្ននេះ មនុស្សសរុបជាង 6 លាននាក់ជុំវិញពិភពលោក កំពុងតែកើតជំងឺផាកឃីនសុន ប៉ុន្ដែគួរឲ្យសោកស្ដាយ នៅតែមិនទាន់មាន ដំណោះស្រាយព្យាបាលដដែល។ យើងសង្ឃឹមថា IBM នឹងបើកដំណើរការប្រព័ន្ធ AI ថ្មី ក្នុងពេលឆាប់ៗខាងមុខនេះទៅចុះ ដើម្បីងាយស្រួលឲ្យត្រួតពិនិត្យលើអ្នកជំងឺបាន។

ប្រភព ៖ IBM
អត្ថបទទាក់ទង