Sony បញ្ចេញកំណែអាប់ដេត Software ថ្មី ជំនាន់សាកល្បង គាំទ្រការបន្ថែមអង្គផ្ទុកទិន្នន័យ M.2 SSD
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

បន្ទាប់ពីរង់ចាំអស់រយៈពេលជិត 9 ខែរួចមក ម្ចាស់ PlayStation 5 ជិតអាចបន្ថែមអង្គផ្ទុកទិន្នន័យ M.2 SSD ពីខាងក្រៅបានហើយ។ មិនខុសនោះទេ ដោយការពីយប់ម្សិលមិញនេះ Sony បានបញ្ចេញកំណែអាប់ដេត Software ថ្មី ជំនាន់សាកល្បង គាំទ្រការបន្ថែមអង្គផ្ទុកទិន្នន័យ M.2 SSD សម្រាប់អ្នកប្រើប្រាស់មួយចំនួន ដែលស្ថិតនៅក្នុងប្រទេសអាមេរិក, កាណាដា, ជប៉ុន, អង្គគ្លេស និងប្រទេសបារាំងផងដែរ។

យោងទៅតាមការបញ្ជាក់របស់ Sony បានធ្វើឲ្យយើងដឹងផងដែរ ដើម្បីអាចបន្ថែមអង្គផ្ទុកទិន្នន័យ M.2 SSD ពីខាងក្រៅបាន ម្ចាស់ PlayStation 5 ទាំងអស់ ត្រូវតែប្រើប្រាស់អង្គផ្ទុកទិន្នន័យ M.2 SSD ប្រភេទ PCIe ជំនាន់ទី 4 ដែលមានល្បឿនអាន (Read) 5,500MB/s ឡើងទៅ។ លើសពីនេះ ម្ចាស់ PlayStation 5 ទាំងអស់ ក៏ត្រូវតែប្រាកដថាអង្គផ្ទុកទិន្នន័យ M.2 SSD ដែលពួកគេចង់យកមកប្រើប្រាស់ មានប្រព័ន្ធកាត់បន្ថយកំដៅ ឬ Heatsink ថែមទៀតផង។ យ៉ាងណាមិញ បើសិនជាអង្គផ្ទុកទិន្នន័យ M.2 SSD ដែលម្ចាស់ PlayStation 5 ចង់យកមកប្រើប្រាស់ មិនមានប្រព័ន្ធកាត់បន្ថយកំដៅ ឬ Heatsink នោះទេ ពួកគេក៏អាចទិញ Heatsink ពីខាងក្រៅ ហើយយកទៅបំពាក់ឲ្យវាបានផងដែរ នេះផ្អែកទៅតាមការលើកឡើងរបស់ Sony ផ្ទាល់។

តាមរយៈព័ត៌មានដែលទទួលបានពីប្រភពល្បីៗ ក៏បានឲ្យយើងដឹងបន្ថែមទៀតថា ខណៈពេលនេះ អង្គផ្ទុកទិន្នន័យ M.2 SSD ដែលអាចដំណើរការជាមួយ PlayStation 5 បាន មានដូចជា Seagate 530 FireCuda Series, Corsair Force MP600 Series, Samsung 980 PRO, WD_Black N850 និង Aorus 7000S ជាដើម។ អញ្ចឹងសរុបមកវិញ មានន័យថា កំណែអាប់ដេត Software លើកក្រោយ ដែលត្រូវបានគេរំពឹងថា នឹងចេញជាផ្លូវការ នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ 2021 ខាងមុខ ម្ចាស់ PS5 នឹងអាចបន្ថែមអង្គផ្ទុកទិន្នន័យ M.2 SSD ពីខាងក្រៅបានហើយ។

ប្រភព ៖ The Verge
អត្ថបទទាក់ទង