Huawei P50 Series ចេញផ្លូវការ មានប្រព័ន្ធកាមេរ៉ាខ្លាំងជាងមុន និងប្រើប្រាស់ឈីប Snapdragon 888
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

បន្ទាប់ពីរង់ចាំអស់ជាច្រើនខែរួចមក ទីបំផុត Huawei បានប្រកាសចេញទូរសព្ទឆ្លាតជំនាន់ថ្មី P50 Series សម្រាប់ទីផ្សារប្រទេសចិនជាផ្លូវការហើយ។ P50 Series បានបង្ហាញខ្លួនមកជាមួយប្រព័ន្ធកាមេរ៉ាខ្លាំងជាងមុន និងប្រើប្រាស់ឈីប Snapdragon 888 របស់ Qualcomm ក៏ដូចជាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ HarmonyOS 2 ចេញពីប្រអប់ស្រាប់តែម្តង។ យ៉ាងណាមិញ ម្តងនេះ P50 Series មានតែ 2 ម៉ូឌែលប៉ុណ្ណោះ គឺ P50 និង P50 Pro ដោយមិនមានវត្តមាន P50 Pro Plus ដូចការរំពឹងរបស់មនុស្សមួយចំនួននោះទេ។

ទៅលើរូបរាងខាងក្រៅ យើងសង្កេតឃើញថា P50 Series របស់ Huawei ទទួលបានរចនាបថថ្មី ខុសប្លែកពីជំនាន់មុនរបស់ពួកវា គួរឲ្យកត់សម្គាល់។ ដោយនៅផ្នែកខាងមុខ P50 Series បានបំពាក់មកជាមួយលាតពេញ អមមមកជាមួយលេនទម្លុះអេក្រង់ 1 គ្រាប់ ស្ថិតនៅចំកណ្តាល ក្បែរគែមអេក្រង់ផ្នែកខាងលើ។ សម្រាប់ផ្នែកខាងក្រោយវិញ Huawei P50 Series បានភ្ជាប់មកជាមួយកាណុងកាមេរ៉ាដ៏ធំ មានសណ្ឋានជារាងពងក្រពើ ហើយនៅក្នុងកាណុងកាមេរ៉ានោះដែរ មានកងរង្វង់មូលចំនួន 2 នៅដាច់ពីគ្នាតែម្តង។ បន្ទាប់ពីដឹងពីរចនាបថរូបរាងខាងក្រៅហើយ អញ្ចឹងកុំឲ្យខាតពេលយូរ យើងនាំគ្នាទៅស្វែងយល់ពីលក្ខណៈសម្បត្តិរបស់ Huawei P50 Series ទាំងអស់គ្នា។

Huawei P50 បានបំពាក់មកជាមួយអេក្រង់លាតរាបស្មើ ទំហំ 6.5 អ៊ីញ ប្រភទ OLED អាចបង្ហាញរូបភាពក្នុងកម្រិត 2700 x 1224 ភិចស៊ែល ជាមួយជម្រៅទឹកពណ៌ (Color Depth) ជាង 1 ពាន់លានពណ៌។ ជាមួយគ្នានេះ អេក្រង់របស់ P50 ក៏គាំទ្រ Refresh Rate 90Hz ល្បឿនប៉ះសម្គាល់ 300Hz និង HDR 10 ក៏ដូចជាកម្រិតទឹកពណ៌ DCI-P3 ផងដែរ។ ទៅលើកម្លាំងម៉ាស៊ីន P50 ប្រើប្រាស់បន្ទះឈីប Snapdragon 888 4G អមមកជាមួយ RAM ទំហំ 8GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 128 / 256GB ផងដែរ។

សម្រាប់ផ្នែកកាមេរ៉ា P50 បានភ្ជាប់មកជាមួយកាមេរ៉ាមុខ 1 គ្រាប់ ទំហំ 13MP f/2.4 និងកាមេរ៉ាក្រោយសរុបចំនួន 3 គ្រាប់ ដោយក្នុងនោះមួយគ្រាប់ជាលេនគោលទំហំ 50MP f/1.8, មួយគ្រាប់ទៀតជាលេនទូលាយ (Ultra Wide) ទំហំ 13MP f/2.2 និងមួយគ្រាន់ចុងក្រោយគេជាលេនពង្រីក (Periscope) ទំហំ 12MP f/3.4 មានសមត្ថភាពអាច Zoom Digital បាន 50x ឬ 80x គិតទៅលើ Zoom Range។

ចំពោះផ្នែកថាមពលថ្មវិញ P50 បានបំពាក់មកជាមួយថ្មទំហំ 4,100mAh គាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 66W។ បន្ថែមពីនេះ P50 ក៏បានភ្ជាប់មកជាមួយអាវក្រោះការពារទឹក និងធូលីកម្រិត IP68, Stereo Speaker, WiFi 6+, Bluetooth 5.2, NFC និងសេនស័រស្កេនស្នាមម្រាមដៃនៅក្រោមអេក្រង់ផងដែរ។ 

ចូលមកដល់លក្ខណៈសម្បត្តិរបស់ Huawei P50 Pro វិញម្តង ដោយវាបានបំពាក់មកជាមួយអេក្រង់ងលាតកោង ទំហំ 6.6 អ៊ីញ ប្រភទ OLED អាចបង្ហាញរូបភាពក្នុងកម្រិត 2700 x 1228 ភិចស៊ែល ជាមួយជម្រៅទឹកពណ៌ (Color Depth) ជាង 1 ពាន់លានពណ៌។ ជាមួយគ្នានេះ អេក្រង់របស់ P50 Pro ក៏គាំទ្រ Refresh Rate ដល់ 120Hz ល្បឿនប៉ះសម្គាល់ 300Hz និង HDR 10 ក៏ដូចជាកម្រិតទឹកពណ៌ DCI-P3 ផងដែរ។ ទៅលើកម្លាំងម៉ាស៊ីន P50 Pro ប្រើប្រាស់ជម្រើសបន្ទះឈីប Snapdragon 888 4G / Kirin 9000 អមមកជាមួយ RAM ទំហំ 8 / 12GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 128 / 256 / 512GB ផងដែរ។

សម្រាប់ផ្នែកកាមេរ៉ា P50 Pro បានភ្ជាប់មកជាមួយកាមេរ៉ាមុខ 1 គ្រាប់ ទំហំ 13MP f/2.4 និងកាមេរ៉ាក្រោយសរុបចំនួន 4 គ្រាប់ ដោយក្នុងនោះមួយគ្រាប់ជាលេនគោលទំហំ 50MP f/1.8, មួយគ្រាប់ ជាលេនស-ខ្មៅ ទំហំ 40MP f/1.6, មួយគ្រាប់ទៀតជាលេនទូលាយ (Ultra Wide) ទំហំ 13MP f/2.2 និងមួយគ្រាន់ចុងក្រោយគេជាលេនពង្រីក (Periscope) ទំហំ 64MP f/3.4 មានសមត្ថភាពអាច Zoom Digital បានដល់ទៅ 100x ឬ 200x គិតទៅលើ Zoom Range។

ចំពោះផ្នែកថាមពលថ្មវិញ P50 Pro បានបំពាក់មកជាមួយថ្មទំហំ 4,360mAh គាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 66W និងបច្ចេកវិទ្យាសាកថ្មឥតខ្សែកម្លាំង 50W ថែមទៀតផង។ មិនខុសពី P50 នោះទេ ដោយ P50 Pro ក៏បានភ្ជាប់មកជាមួយអាវក្រោះការពារទឹក និងធូលីកម្រិត IP68, Stereo Speaker, WiFi 6+, Bluetooth 5.2, NFC, និងសេនស័រស្កេនស្នាមម្រាមដៃនៅក្រោមអេក្រង់ដូចគ្នាអញ្ចឹងដែរ។

Huawei P50 មានពណ៌សរុបចំនួន 3 សម្រាប់ឲ្យអ្នកប្រើធ្វើការជម្រើសរើស ក្នុងនោះមានដូចជាពណ៌ស, ខ្មៅ និងពណ៌មាស ខណៈ P50 Pro មានពណ៌សរុបដល់ទៅ 5 ឯណោះ គឺពណ៌មាស, ស, ខ្មៅ, ផ្កាឈូក និងផ្ទៃមេឃ។ សម្រាប់ទីផ្សារប្រទេសចិន P50 មានតម្លៃចាប់ពីខ្ទង់ 700 ដុល្លារ ឡើងទៅ ខណៈ P50 Pro មានតម្លៃចាប់ពីខ្ទង់ 925 ដុល្លារ ឡើងទៅ។ P50 Series បានដាក់ឲ្យកុម្ម៉ង់ទិញទុកមុនចាប់ពីថ្ងៃនេះតទៅ ហើយពួកវានឹងដាក់លក់ជាផ្លូវការ នៅថ្ងៃទី 12 ខែសីហា ឆ្នាំ 2021 ខាងមុខ។ យ៉ាងណាមិញ សម្រាប់ P50 Pro ជម្រើសពណ៌ទឹកសមុទ្រ ប្រើឈីប Kirin 9000 ជាមួយអង្គផ្ទុកទិន្នន័យទំហំ 512GB និង RAM 12GB នឹងត្រូវដាក់លក់ក្រោយគេ គឺនៅក្នុងអំឡុងខែកញ្ញា ឆ្នាំ 2021 ខាងមុខ។

ប្រភព ៖ Gizmochina
អត្ថបទទាក់ទង