Mercedes S-Class Guard ស៊េរីឆ្នាំ 2022 ថ្មី ជារថយន្តប្រណីតមានតួខ្លួនរឹងមាំការពារពីគ្រាប់កាំភ្លើងទៀតផង
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

Mercedes ទើបប្រកាសចេញរថយន្ត S-Class Guard ស៊េរីឆ្នាំ 2022 ថ្មីជាផ្លូវការ ដែលត្រូវបានធ្វើឡើងមកសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូចជាត្រកូលអភិជន ដែលយកចិត្តទុកដាក់ លើផ្នែកសុវត្ថិភាពតែម្ដង។ គោលដៅសំខាន់នៅលើរថយន្ត S-Class Guard ស៊េរីថ្មី ក៏មិនខុសពីស៊េរីមុនៗដែរ ដោយចំណុចចំបង គឺទៅលើភាពប្រណីត មាស៊ីនធំ និងមានតួខ្លួនរឹងមាំគ្រប់គ្រាន់ សម្រាប់ការពារគ្រាប់កាំភ្លើងប្រភេទមួយចំនួនបាន ដើម្បីផ្តល់នូវសុវត្ថិភាពមួយកម្រិតទៀត ទៅដល់បុគ្គលដែលជាអ្នកអង្គុយក្នុងរថយន្តនេះ។

ឈ្មោះពេញរបស់រថយន្តប្រណីតខាងលើគឺ Mercedes-Benz S680 Guard 4Matic ហើយ Mercedes បានផ្តល់ជម្រើស Long Wheelbase ឬតួខ្លួនវែង ឲ្យតែមួយប៉ុណ្ណោះ ហើយរថយន្តមួយនេះដែរ ក៏ត្រូវបានគេឌីហ្សាញឡើងមក ដើម្បីឲ្យជាមួយលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ទទួលវិញ្ញាបនបត្រ VPAM VR10 តែម្ដង (ជាវិញ្ញាបនបត្រទទួលស្គាល់ពីភាពរឹងមាំ ក្នុងការការពារគ្រាប់កាំភ្លើងប្រភេទស្រាល ក៏ដូចជាកម្រិតផ្ទុះមួយចំនួនជាដើម)។ 

ក្នុងនោះដែរ បើធៀបនឹង S-Class Guard ជំនាន់មុន Mercedes មិនត្រឹមតែបំពាក់សមាសធាតុ ដែលធ្វើឲ្យវារឹងមាំជាងមុនប៉ុណ្ណោះទេ ប៉ុន្តែវិស្វកររបស់គេ បានកែប្រែចំណុចសំខាន់ៗ នៅលើតួខ្លួនទាំងមូលរបស់រថយន្តតែម្ដង ដើម្បីធានាថា វាអាចការពារបានកាន់តែប្រសើរជាងមុនថែមទៀត។ កញ្ចក់របស់វាមានកម្រាស់ដល់ទៅ 1cm ហើយសម្រាប់សំបកកង់របស់រថយន្តខាងលើវិញ ជាប្រភេទ Michelin PAX Run-Flat ដែលអាចរត់បាន 30km បន្តទៀត បន្ទាប់ពីត្រូវបានធ្លាយ ដោយសារតែអ្វីមួយ។

ចំណុចសំខាន់ៗផ្សេងទៀត ដែលជួយបង្កើនសុវត្ថភាពនោះ គឺវាមានមុខងារមួយគេហៅថា Hydraulic Windows មានន័យថា កញ្ចក់របស់វានៅអាចដំណើរការបើកបិទបាន បើទោះជាគ្រឿងអេឡិចត្រូនិចផ្សេងៗនៅក្នុងរថយន្តនោះ ត្រូវបានខូចដោយសារការវាយប្រហារណាមួយក៏ដោយ។ បន្ថែមពីនេះ Mercedes ក៏បានកែប្រែប្រអប់លេខ និងចង្កូតរបស់ S680 Guard 4Matic ឲ្យកាន់តែប្រសើរដូចគ្នាដែរ ដើម្បីឲ្យសមស្របទៅតាមទម្ងន់ដ៏ធ្ងន់ដល់ទៅខ្ទង់ 4.2 តោនរបស់វា។

និយាយពីម៉ាស៊ីនដែលបំពាក់មកវិញ រថយន្តប្រណីតខាងលើ បានប្រើប្រាស់ម៉ាស៊ីនធំដល់ 6.0L V12 ដែលមានកម្លាំងសរុប 604hp និងកម្លាំងបង្វិលកង់ 830 Nm ឬ 612 lb-ft ហើយរថយន្តនេះ ក៏ដំណើរការដោយប្រព័ន្ធបង្វិលកង់ទាំង 4 ដែរ។ 

ចំណុចពិសេសមួយទៀតនោះគឺថា S-Class Guard ស៊េរីឆ្នាំ 2022 មានភ្ជាប់មកជាមួយបំពង់អុកស៊ីសែនថែមទៀតផង ដើម្បីការពារសភាពការណ៍មិនល្អណាមួយកើតឡើង។ ចុងក្រោយសម្រាប់តម្លៃរបស់វាវិញ គឺពិតណាស់ថាមិនទាបនោះទេ ជាក់ស្ដែងនៅក្នុងទីផ្សារតំបន់អឺរ៉ុបផ្ទាល់ ត្រូវបានគេដាក់លក់ចាប់ផ្តើមឡើងពី 650,000 ដុល្លារឯណោះ។

ប្រភព ៖ Moto1
អត្ថបទទាក់ទង