ស្រោមការពារផ្លូវការរបស់ Galaxy Z Flip3 ទើបបែកធ្លាយ ដោយមានទាំងស្ទីលម៉ូតបន្តោងទៀតផង
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

នៅសល់ពេលមិនយូរប៉ុន្មានទៀតទេ វត្តមាន Galaxy Z Fold និង Z Flip ជំនាន់ថ្មីនឹងបង្ហាញខ្លួន ដែលឈ្មោះរបស់ពួកវា គឺមានសង្ឃឹមខ្ពស់ដែល Samsung នឹងហៅថា Galaxy Z Fold3 និង Galaxy Z Flip3 តែម្ដង។ ពេលវេលាចេញផ្លូវការកាន់តែជិតមកដល់ ដំណឹងលេចធ្លាយច្បាស់ៗទាក់ទងនឹងទូរសព្ទឆ្លាតអេក្រង់បត់ទាំងនេះ ក៏កាន់តែចេញមកញឹកញាប់ដូចគ្នា ជាក់ស្ដែងដូចពេលនេះអញ្ចឹង រូបភាព Render ផ្លូវការបង្ហាញពីស្រោមការពាររបស់ Galaxy Z Flip3 ត្រូវបានបែកធ្លាយ ដោយបង្ហាញឲ្យឃើញ ពីម៉ូតជាច្រើន និងជម្រើសពណ៌ផងដែរ។

យោងតាមការបង្ហាញចេញពីប្រភព 91Mobile បានឲ្យដឹងថា ខាងលើ និងខាងក្រោមនេះគឺជារូបភាព Render អំពីស្រោមការពារផ្លូវការរបស់ Galaxy Z Flip3 ដែលនឹងត្រូវ Samsung ដាក់លក់នាពេលខាងមុខ ហើយបើមើលទៅលើស្រោមការពារទាំងនោះ យើងអាចសម្គាល់បានថា វាត្រូវបានគេឌីហ្សាញមក ឲ្យមើលទៅកាន់តែមានតម្លៃថែមទៀត។ 

ស្រោមការពារដែលលេចធ្លាយចេញមកនេះ គឺជាជម្រើសគោលចំនួន 3 ប្រភេទ ដែលមានទាំងស្រោមស្បែកពណ៌លឿង ជាមួយគ្នានឹងស្រោមពណ៌ស្វាយស្រាលនោះ អាចនឹងត្រូវបានធ្វើឡើងពី Silicon ហើយស្រោមនេះក៏ឃើញមានភ្ជាប់មកជាមួយដែកបណ្ដោងទៀតផង។ ចំណែកមួយទៀតចុងក្រោយ គឺជាស្រោមពណ៌ខៀវក្រម៉ៅ លាយជាមួយនឹងពណ៌ទឹកក្រូច ដែល Case នេះ អាចនឹងធ្វើឡើងពី Silicon ដូចគ្នា ប៉ុន្តែវាមានភ្ជាប់មកជាមួយខ្សែ រួមទាំងដែកបណ្ដោង នៅផ្នែកខាងក្រោម (មិនទាន់ដឹងច្បាស់ ពីមុខងាររបស់ខ្សែជាមួយបណ្ដោងនោះទេ)។

ក្រៅពីការរៀបរាប់ខាងលើ មិនមានចំណុចសំខាន់ផ្សេងណាទៀត ដែលយើងអាចបញ្ជាក់បាន តាមរយៈស្រោមការពារខាងលើនេះឡើយ។ សូមរំឮកជាថ្មីថា Samsung នឹងបើកព្រឹត្តិការណ៍ Unpacked នៅក្នុងថ្ងៃទី 11 ខែសីហាខាងមុខនេះ ដោយក្នុងព្រឹត្តិការណ៍នោះ នឹងមានប្រកាសចេញ Galaxy Z Fold3 និង Galaxy Z Flip3 ជាផលិតផលគោលប្រចាំព្រឹត្តិការណ៍, Galaxy Watch 4 / Watch 4 Classic ព្រមទាំងអាចមានជាមួយកាសឥតខ្សែជំនាន់ថ្មី Galaxy Buds 2 មកជាមួយគ្នាដែរ។

ប្រភព ៖ 9To5Google
អត្ថបទទាក់ទង