បន្ទះឈីបលំដាប់កំពូលជំនាន់បន្ទាប់របស់ Qualcomm អាចនឹងមានឈ្មោះហៅថា Snapdragon 898
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

កាលពីឆ្នាំមុន Qualcomm បានផ្តល់ភាពភ្ញាក់ផ្អើល នៅពេលដែលពួកគេប្រកាសចេញបន្ទះឈីបបន្តតំណែងពី Snapdragon 865 គឺ Snapdragon 888 ជំនួសឲ្យឈ្មោះ Snapdragon 875 ដែលមនុស្សជាច្រើនបានរំពឹងទុក។ ដោយឡែក សម្រាប់បន្ទះឈីបជំនាន់ថ្មីរបស់ Qualcomm ដែលត្រូវចូលខ្លួនមកបន្តតំណែងពី Snapdragon 888 វិញ ត្រូវបានប្រភពមួយចំនួនរាយការណ៍មកថា នឹងបង្ហាញខ្លួនមកក្រោមឈ្មោះហៅថា Snapdragon 895។

យ៉ាងណាមិញ តាមរយៈអ្នកចែកចាយព័ត៌មានបែកធ្លាយល្បីឈ្មោះ Ice Universe បានធ្វើឲ្យយើងដឹងថា បន្ទះឈីបជំនាន់ថ្មីរបស់ Qualcomm ដែលត្រូវចូលខ្លួនមកបន្តតំណែងពី Snapdragon 888 អាចនឹងមិនត្រូវហៅថា Snapdragon 895 នោះទេ ប៉ុន្តែជំនួសមកវិញ វាអាចនឹងមានឈ្មោះហៅថា Snapdragon 898។ យោងទៅតាមការលើកឡើងរបស់ប្រភពខាងលើដដែល បានធ្វើឲ្យយើងដឹងផងដែថា បន្ទះឈីបលំដាប់កំពូលជំនាន់ថ្មី Snapdragon 898 អាចនឹងប្រើប្រាស់ CPU មាន Core សរុបចំនួន 8 គ្រាប់ ក្នុងនោះមួយគ្រាប់ជា Cortex-X2, 3 គ្រាប់ជា Cortex A710, 2 Core ទៀតជា Cortex A510 និង 2 Core ចុងក្រោយជា Cortex A510 ជាមួយ Clock Speed ទាប។

មិនទាន់អស់នោះទេ តាមរយៈព័ត៌មានដែលទទួលបាន ក៏បានធ្វើឲ្យយើងបានដឹងបន្ថែមទៀតថា បន្ទះឈីបលំដាប់កំពូលជំនាន់ថ្មី Snapdragon 898 អាចនឹងត្រូវប្រកាសចេញជាផ្លូវការ នៅក្នុងអំឡុងខែធ្នូ ឆ្នាំ 2021 ខាងមុខ។ ជាមួយគ្នានេះដែរ Mi 12 Series របស់ Xiaomi ត្រូវបានគេរំពឹងថា នឹងក្លាយទៅជាទូរសព្ទឆ្លាតដំបូងគេ ដែលនឹងបង្ហាញខ្លួនមកជាមួយបន្ទះឈីប Snapdragon 898 ខណៈ Galaxy S22 Series របស់ Samsung អាចនឹងក្លាយជាទូរសព្ទឆ្លាតទី 2 ដែលនឹងត្រូវប្រើប្រាស់ឈីប Snapdragon 898។

ប្រភព ៖ Ice Universe
អត្ថបទទាក់ទង