Google ឈប់លក់ Pixel 5 និង Pixel 4a 5G ក្នុងហាងអនឡាញ ជាតម្រុយសម្រាប់វត្តមាន Pixel 6 Series
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ជិតមួយឆ្នាំពេញហើយ សម្រាប់វត្តមានរបស់ Google Pixel 5 និង Pixel 4a 5G នៅលើទីផ្សារ ដោយក្នុងនោះ យើងឃើញថា វាទទួលបានការពេញនិយមច្រើន សម្រាប់ទីផ្សារមួយចំនួន ដែលធ្វើឲ្យចំនួនលក់របស់ Google ស្ថិតក្នុងតួរលេខប្រសើរមួយ។ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ វត្តមានរបស់ Pixel 5 និង Pixel 4a 5G គឺត្រូវបាន Google ដាក់លក់រហូតដល់អស់ពីស្ដុកថែមទៀតផង ខណៈពេលនេះវិញ ទូរសព្ទឆ្លាតទាំងពីរម៉ូឌែល មិនមែនត្រលប់ចូលស្ដុកវិញទេ ផ្ទុយទៅវិញក្រុមហ៊ុនអាមេរិក បានដកវាចេញពីហាងអនឡាញរបស់ខ្លួនតែម្ដង។

មិនខុសទេ បើតាមការបង្ហាញចេញពី 9To5Google ថ្មីៗនេះ បានឲ្យដឹងថា កាលពីដើមខែកក្កដា Pixel 5 និង Pixel 4a 5G ត្រូវបាន Google បញ្ជាក់នៅក្នុងបញ្ជីនៃហាងអនឡាញ Google Fi របស់គេថា អស់ពីស្ដុក ចំណែកឯពេលនេះវិញ ទូរសព្ទឆ្លាតទាំងពីរម៉ូឌែលខាងលើ មិនមានសូម្បីតែវត្តមាននៅក្នុងបញ្ជីរបស់ក្រុមហ៊ុនខាងលើទៀតទេ។ សូម្បី Description និងលក្ខណៈសម្បត្តិរបស់ទូរសព្ទឆ្លាតទាំងពីរម៉ូឌែលនេះ ក៏ត្រូវបានគេលុបចេញវិញដែរ ហើយក្នុងពេលនេះ មានតែ Pixel 4a ធម្មតាមួយប៉ុណ្ណោះ ដែលនៅបន្តមានលក់។ 

យ៉ាងណាក៏ដោយ នេះជាតម្រុយមួយបញ្ជាក់ថា Google ទំនងជាកំពុងតែត្រៀមក្នុងការបញ្ចេញទូរសព្ទឆ្លាតម៉ូឌែលថ្មីហើយ នោះគឺអាចជា Pixel 6 និង Pixel 6 XL ហ្នឹងឯង ព្រោះជាទូទៅ រាល់ពេលដែលគេត្រៀមប្រកាសចេញទូរសព្ទឆ្លាតម៉ូឌែលថ្មី គេតែងតែបញ្ឈប់ការលក់ទូរសព្ទឆ្លាតម៉ូឌែលបច្ចុប្បន្នជាមុនសិន។

Google អាចនឹងប្រកាសចេញ Pixel 6 Series នៅក្នុងអំឡុងខែតុលាខាងមុខនេះ ហើយបើតាមដំណឹងធ្លាប់ទទួលបានកន្លងមក Pixel 6 XL អាចនឹងបំពាក់មកជាមួយ អេក្រង់ទំហំ 6.71 អ៊ីញ ជាប្រភេទ POLED (Plastic OLED) ដោយមានកាមេរ៉ាមុខមួយគ្រាប់ ជាលេនទំលុះអេក្រង់ និងមានកាមេរ៉ាក្រោយ 3 គ្រាប់ មានលេនគោលទំហំ 50MP ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះទេ វាក៏អាចមានបំពាក់ជាមួយឈីបផ្ទាល់ខ្លួន ដែលសហការគ្នាជាមួយ Samsung ហើយឈីបនោះអាចនឹងប្រើប្រាស់ GPU របស់ AMD ដូចឈីប Exynos នាពេលអនាគតដែរ មួយវិញទៀត វាក៏អាចនឹងមានបំពាក់ថាមពលថ្មដល់ 5,000mAh មកតែម្ដង។

ប្រភព ៖ 9To5Google
អត្ថបទទាក់ទង