McLaren 765LT Spider ថ្មី ជារថយន្តបើកដំបូលល្បឿនលឿន នឹងត្រូវផលិតឡើងតែ 765 គ្រឿងប៉ុណ្ណោះ
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

សម្រាប់អ្នកដែលចង់ឲ្យខ្យល់ធម្មជាតិប៉ះសក់ ក៏ដូចជាពន្លឺព្រះអាទិត្យប៉ះផ្ទៃមុខ នៅពេលកំពុងតែបើកបរ នៅលើដងផ្លូវនោះ ប្រាកដជាពេញចិត្តនឹងរថយន្តទំនើប McLaren 765LT Spider ថ្មី បើកដំបូលល្បឿនលឿន ដែលក្រុមហ៊ុន McLaren ទើបតែប្រកាសចេញច្បាស់ជាមិនខាន។ យ៉ាងណាមិញ ក្រុមហ៊ុន McLaren មានគម្រោងនឹងផលិតរថយន្តទំនើប McLaren 765LT Spider ថ្មីនេះ ត្រឹមតែ 765 គ្រឿងប៉ុណ្ណោះ។

ដំបូលខាងលើរបស់រថយន្តទំនើប McLaren 765LT Spider ត្រូវបានផលិតឡើងសារធាតុសរសៃកាបូន ហើយវាមានសមត្ថភាពអាចបើក ឬបិទដោយប្រើរយៈពេលត្រឹម 11 វិនាទីប៉ុណ្ណោះ ក្នុងល្បឿន 50 គីឡូម៉ែត្រ/ម៉ោង។ មិនត្រឹមតែមានដំបូងដែលមានគុណភាពរឹងមាំ និងប្រើប្រាស់បច្ចេកវិទ្យាទំនើបនោះទេ ប៉ុន្តែវាថែមទាំងបានភ្ជាប់មកជាមួយកម្លាំងម៉ាស៊ីនខ្លាំងទៀតផង។ ដោយរថយន្តទំនើប McLaren 765LT Spider បានបំពាក់មកជាមួយម៉ាស៊ីនចំណុះ 4 លីត្រ Twin-Turbor ទំហំ 8 ស៊ីឡាំង មានសមត្ថភាពអាចបង្កើតកម្លាំងអតិបរមា 765hp ជាមួយកម្លាំងបង្វិលអតិបរមា 800 ញ៉ូតុន-ម៉ែត្រ និងមានល្បឿនអតិបរិមា 330 km/h ផងដែរ។

រថយន្តទំនើប McLaren 765LT Spider ប្រើប្រាស់ប្រអប់លេខ 7 វគ្គ Auto ហើយវាមានសមត្ថភាពអាចស្ទុះពី 0 ទៅដល់ 100 km/h ចំណាយពេលខ្ទង់ត្រឹម 2.8 វិនាទី ប៉ុណ្ណោះ។ ជាហេតុធ្វើឲ្យវាក្លាយទៅជារថយន្តបើកដំបូលដែលមានល្បឿនលឿនជាងគេបំផុត ស្ថិតនៅក្នុងចំណោមត្រកូល LT ដែលក្រុមហ៊ុន McLaren បានអភិវឌ្ឍ។ សម្រាប់ទីផ្សារអង់គ្លេស រថយន្តទំនើប McLaren 765LT Spider មានតម្លៃចាប់ផ្តើមពី 310,500 ផោន ឬខ្ទង់ 432,433 ដុល្លារ។ ដូចដែលបានបញ្ជាក់ពីខាងដើមអញ្ចឹង វាត្រូវបានក្រុមហ៊ុន McLaren ផលិតឡើងតែ 765 គ្រឿងប៉ុណ្ណោះ អញ្ចឹងទោះបីជាយើងមានលុយក៏មិនប្រាកដអាចទិញបាននោះដែរ។

ប្រភព ៖ Motor1
អត្ថបទទាក់ទង