Apple នឹងតម្រូវឲ្យមានការពាក់ម៉ាស ឬរបាំងការពារមុខឡើងវិញ គ្រប់ពេលចូលហាងរបស់ខ្លួនក្នុងទឹកដីអាមេរិក
ដោយ​ ៖ សាន់នី | 1 ខែមុន SHARE

 

រហូតមកដល់ពេលនេះ ជំងឺ COVID-19 នៅតែបន្តរាតត្បាត លើប្រទេសជាច្រើន នៅក្នុងពិភពលោកយើង មិនទាន់ស្រាកស្រាន្ត និងវិលមករកភាពល្អប្រសើរ បានច្រើនឡើយ ហើយក្នុងនោះដែរ វាក៏ជះឥទ្ធិពលអាក្រក់ជាច្រើន ទៅដល់ជីវិតមនុស្ស រួមទាំងផ្នែកសេដ្ឋកិច្ច យ៉ាងគំហុក ផងដែរ។ ដោយឡែក ថ្មីៗនេះ នៅក្នុងទឹកដីសហរដ្ឋអាមេរិក បន្ទាប់ពីការពិនិត្យឡើងវិញ នូវអនុសាសន៍ថ្មីៗរបស់ CDC លើការវិភាគទិន្នន័យសុខភាព និងសុវត្ថិភាព សម្រាប់តំបន់រួចមក គឺពេលនេះ គេកំពុងធ្វើការណែនាំវិធានការថ្មី ស្តីពីរបាំងមុខ សម្រាប់ហាងនីមួយ ដើម្បីចូលរួមទប់ស្កាត់ និងកាត់បន្ថយការឆ្លងនៃមេរោគនេះ។

ជាក់ស្តែង នៅក្នុងថ្ងៃនេះ  យោងតាមរបាយការណ៍របស់ Bloomberg បានឱ្យដឹងថា Apple ក៏បានជូនដំណឹងនេះ ទៅដល់បុគ្គលិកតាមបណ្តាហាងជាច្រើនរបស់ខ្លួនទាំងជាង 270 សាខា នៅក្នុងសហរដ្ឋអាមេរិក តម្រូវឲ្យពាក់របាំងមុខ ឬម៉ាស គ្រប់ពេលឡើងវិញ ទោះបីជាពួកគេត្រូវបានចាក់វ៉ាក់សាំងក៏ដោយ។ ក្នុងនោះដែរ សូម្បីតែអតិថិជន ដែលបានចាក់វ៉ាក់សាំងរួច ក៏នឹងតម្រូវឲ្យមានការពាក់ម៉ាស ឬរបាំងការពារមុខ គ្រប់ពេលចូលមក្នុង Apple Store របស់ខ្លួនដែរ តែបើមិនអនុវត្តន៍ទេ ពួកគេក៏នឹងមិនអនុញ្ញាតឲ្យចូលមកក្នុងហាងរបស់ Apple ដែរ។ ម្យ៉ាង ការអនុវត្តន៍បែបនេះ គឺធ្វើតាមអនុសាសន៍របស់ CDC ដើម្បីចូលរួមទប់ស្កាត់ និងកាត់បន្ថយការឆ្លងនៃមេរោគ COVID-19 ហើយវាក៏ជាបំណងល្អ សម្រាប់សុវត្ថិភាពចំពោះមនុស្សគ្រប់គ្នាដែរ។

បន្ថែមពីនេះ បើងាកមកមើលក្រុមហ៊ុន Apple វិញ គឺត្រូវបានពន្យាពេលដល់បុគ្គលិករបស់ខ្លួន ឲ្យចូលមកធ្វើការវិញ រហូតដល់ខែតុលាឯណោះ និងដើម្បីឲ្យពួកគេអាចទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នា។ យ៉ាងណា មិនមែនតែ Apple ទេ សូម្បីតែ Google និង Facebook ក៏អនុវត្តន៍ តាមវិធាននេះដែរ គឺតម្រូវឱ្យបុគ្គលិកគ្រប់ផ្នែកទាំងអស់ ត្រូវទទួលការចាក់វ៉ាក់សាំងបង្ការ មុនពេលពួកគេ អាចចូលធ្វើការវិញ និងបានពន្យាពេលការវិលត្រឡប់ មកការិយាល័យវិញ ចាប់ពីខែកញ្ញា ដល់ជិតចុងខែតុលា ផងដែរ។

ប្រភព ៖ The Verge
អត្ថបទទាក់ទង