iPad Air ជំនាន់ថ្មីអាចនឹងទទួលបានការបំពាក់កាមេរ៉ាភ្លោះស្រដៀង iPad Pro ដែរ
ដោយ​ ៖ សាន់នី | 1 ខែមុន SHARE

 

មួយរយៈមកនេះ យើងទទួលបានដំណឹងលេចធ្លាយពី iPad mini 6 ជំនាន់ថ្មី របស់ក្រុមហ៊ុន Apple មិនតិចនោះទេ ទៅលើចំនុចមួយចំនួន រួមមាន ការផ្លាស់ទម្រង់រចនាបថរូបរាងថ្មី, ការបំពាក់បន្ទះឈីប ក្នុងជំនាន់ថ្មី, ការផ្លាស់ប្តូរទំហំអេក្រង់ ក៏ដូចជាប្រភេទនៃអេក្រង់ ជាដើម។ ដោយឡែក ពេលនេះ យើងទទួលបានដំណឹងលេចធ្លាយថ្មីមួយទៀតហើយ តែមិនពាក់ព័ន្ធជាមួយ iPad mini 6 ក៏ប៉ុន្តែ វាទាក់ទងទៅនឹង iPad Air វិញម្តង ហើយវាក៏អាចជាដំណឹងល្អ សម្រាប់អ្នកប្រើប្រាស់ និងនិយមចូលចិត្តត្រកូល Air ដែរ។

ជាការពិតណាស់ កាលពីពេលថ្មីៗនេះ បើយោងទៅតាមរបាយការណ៍ថ្មីមួយ ពីគេហទំព័រជប៉ុន Mac Otakara បានលើកឡើងថា iPad Air ជំនាន់បន្ទាប់របស់ Apple អាចនឹងទទួលបានប្រព័ន្ធកាមេរ៉ាភ្លោះថ្មី ស្រដៀងនឹងកាមេរ៉ាខាងក្រោយរបស់ iPad Pro ដែរ។ ចំណែករូបរាងវិញ ត្រូវបានគេបញ្ជាក់ថា វាមិនខុសពីរូបរាង iPad Air ឌីហ្សាញថ្មី ចេញកាលពីឆ្នាំ 2020 នោះទេ ហើយបន្តប្រើប្រាស់ប៊ូតុង Touch Touch ដដែល។ យ៉ាងណា ខាងគេហទំព័រមួយនេះ បានបន្ថែមថា សម្រាប់លេនថ្មី បន្ទាប់ពីលេនកាមេរ៉ាគោលហ្នឹង វាជាលេនថតទូលាយ ដូច្នេះ អ្នកប្រើប្រាស់ ដែលនិយមចូលចិត្តត្រកូល Air អាចនឹងពេញចិត្ត បើវាក្លាយជាការពិតមែន។

គួររំលឹកថាបន្តិច បើយោងតាមសារព័ត៌មាន The Elec បង្ហាញឲ្យយើងដឹងថា iPad Air ឆ្នាំ 2022 ខាងមុខនេះ អាចនឹងក្លាយទៅជា iPad ដំបូងបង្អស់របស់ Apple ដែលនឹងត្រូវប្រើប្រាស់អេក្រង់ OLED។ យ៉ាងណា យើងក៏នៅមិនទាន់ហ៊ានអះអាងទេថា សម្រាប់ iPad Air ជំនាន់បន្ទាប់របស់ Apple នេះ នឹងប្រើប្រាស់អេក្រង់ OLED ពិតមែន ឬនៅប្រើ LCD ដូចជំនាន់មុនដដែល ដូច្នេះ យើងមានតែរង់ចាំតាមដានបន្តទាំងអស់គ្នា។

 

ប្រភព ៖ The Apple Post
អត្ថបទទាក់ទង