រូបភាពបែកធ្លាយបង្ហាញថា Xiaomi កំពុងតែធ្វើការទៅលើខ្សែដៃ Mi Band X មានអេក្រង់ 360 ដឺក្រេអាចរំកិលបាន
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

បើនិយាយពីខ្សែដៃសុខភាព នោះមនុស្សភាគច្រើននឹងនឹកឃើញទៅដល់ Xiaomi មុនគេ ព្រោះថាក្រុមហ៊ុនរបស់ចិនដ៏ធំមួយនេះ បានបញ្ចេញលក់ខ្សែដៃសុខភាព ស្ថិតក្នុងត្រកូល Mi Band នៅជុំវិញទីផ្សារពិភពលោក អស់រយៈជាច្រើនឆ្នាំណាស់មកហើយ។ មិនត្រឹមតែបញ្ចេញលក់បានច្រើនឆ្នាំនោះទេ ប៉ុន្តែខ្សែដៃសុខភាពរបស់ Xiaomi ថែមទាំងទទួលបានការគាំទ្រច្រើនពីសំណាក់មនុស្ស នៅជុំវិញពិភពលោកទៀតផង។

ដោយសារតែហេតុផលខាងលើនេះហើយ បានធ្វើឲ្យក្រុមហ៊ុន Xiaomi ព្យាយាមស្វែងរកបច្ចេកវិទ្យាថ្មីៗ ទៅបំពាក់នៅលើខ្សែដៃសុខភាពរបស់ខ្លួន ពីមួយជំនាន់ទៅមួយជំនាន់។ ពាក់ព័ន្ធទៅនឹងរឿងរ៉ាវនេះដែរ នៅក្នុងថ្ងៃនេះ តាមរយៈគណនីបណ្តាញសង្គម Weibo យើងបានប្រទះឃើញរូបភាពបែកធ្លាយមួយសន្លឹក ដែលបង្ហាញពីកិច្ចប្រជុំផ្ទៃក្នុងរបស់ Xiaomi។ យោងទៅតាមរូបភាពបែកធ្លាយនេះ បានធ្វើឲ្យយើងដឹងថា ខណៈពេលនេះ Xiaomi កំពុងតែធ្វើការលើខ្សែដៃថ្មីមួយម៉ូឌែលទៀត ដែលមានឈ្មោះថា Mi Band X។ អ្វីដែលធ្វើឲ្យយើងចាប់អារម្មណ៍នោះ គឺថាខ្សែដៃ Mi Band X របស់ Xiaomi នឹងបំពាក់មកជាមួយលក្ខណៈសម្បត្តិពិសេស និងភាពច្នៃប្រឌិតថែមទៀតផង។

មិនខុសនោះទេ តាមរយៈអក្សរដែលបានបង្ហាញនៅលើទូរទស្សន៍ ក្នុងកិច្ចប្រជុំផ្ទៃក្នុងរបស់ Xiaomi បានធ្វើឲ្យយើងដឹងថា ខ្សែដៃ Mi Band X នឹងបំពាក់មកជាមួយអេក្រង់កោង 360 ដឺក្រេ ស្រដៀងគ្នាទៅនឹងខ្សែដៃ nubia-α របស់ Nubia អញ្ចឹងដែរ។ លើសពីនេះ អេក្រង់ 360 ដឺក្រេរបស់ Mi Band X ក៏អាចធ្វើការរំលឹកបានថែមទៀតផង។ ជាងនេះទៅទៀត Mi Band X ក៏មិនភ្ជាប់មកជាមួយខ្សែនោះដែរ ប៉ុន្តែជំនួសមកវិញ វានឹងប្រើដែកឆក់ដើម្បីតភ្ជាប់ពីក្បាលម្ខាងទៅក្បាលម្ខាងទៀត។ បន្ថែមពីនេះ Mi Band X ក៏អាចនឹងមានកម្រាស់ស្តើង និងស្រាលជាង nubia-α របស់ Nubia ផងដែរ។

ប្រភព ៖ Weibo
អត្ថបទទាក់ទង