Galaxy Tab S8 Series ប្រើឈីប Snapdragon 895 អាចនឹងត្រូវប្រកាសចេញដំណាលគ្នាជាមួយ Galaxy S22 Series
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

ថ្វីត្បិតតែក្នុងពេលបច្ចុប្បនេះ ថេប្លេតដំណើរការដោយ Android មិនសូវជាទទួលបានការគាំទ្រច្រើនក៏ពិតមេន ប៉ុន្តែ Samsung នៅតែបន្តបញ្ចេញលក់ថេប្លេតលំដាប់កំពូល ដើម្បីបំពេញតម្រូវការរបស់អ្នកគាំទ្រប្រព័ន្ធប្រតិបត្តិការ Android ជាបន្តបន្ទាប់។ ជាក់ស្តែង ថេប្លេតជំនាន់ថ្មី Galaxy Tab S8 Series របស់ Samsung ត្រូវបានប្រភពល្បីៗរាយការណ៍ថា នឹងប្រកាសចេញជាផ្លូវការ នៅក្នុងអំឡុងដើមឆ្នាំ 2022 ខាងមុខ។

ពាក់ព័ន្ធទៅនឹងថេប្លេតជំនាន់ថ្មី Galaxy Tab S8 Series នេះដែរ កាលពីល្ងាចម្សិលមិញ តាមរយៈគណនីបណ្តាញសង្គម Twitter របស់ខ្លួន អ្នកចែកចាយព័ត៌មានបែកធ្លាយល្បីឈ្មោះ Ice Universe បានអះអាងថា Galaxy Tab S8 Series នឹងប្រើបន្ទះឈីបលំដាប់កំពូល Snapdragon 895 ក៏ដូចជានឹងត្រូវបង្ហាញខ្លួនដំណាលគ្នាជាមួយទូរសព្ទឆ្លាតជំនាន់ថ្មី Galaxy S22 Series ផងដែរ។ ដូច្នេះមានន័យថា Galaxy Tab S8 Series អាចនឹងត្រូវប្រកាសចេញជាផ្លូវការ នៅក្នុងអំឡុងខែមករា ឆ្នាំ 2022 ខាងមុខ។ Galaxy Tab S8 Series ត្រូវបានគេបញ្ជាក់ថា នឹងចែកចេញជា 3 ម៉ូឌែល ដោយក្នុងនោះរួមមានដូចជា Galaxy Tab S8, Galaxy Tab S8+ និង Galaxy Tab S8 Ultra ហើយពួកវាអាចនឹងមានជម្រើសអេក្រង់ 11, 12.4 និង 14.6 អ៊ីញ។

ថេប្លេតជំនាន់ថ្មី Galaxy Tab S8 Ultra ជាម៉ូឌែលខ្ពស់បំផុត ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនមកជាមួយអេក្រង់ទំហំ 14.6 អ៊ីញ ប្រភេទ OLED គាំទ្រ Refresh Rate 120Hz កាមេរ៉ាមុខចំនួន 2 គ្រាប់ (លេនគោល 8MP + លេនទូលាយ 5MP) ថាមពលថ្មទំហំ 12,000mAh គាំទ្របច្ចកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 45W ថែមទៀតផង។ បន្ថែមពីនេះ Galaxy Tab S8  Ultra ក៏អាចនឹងគាំទ្រក្តារចុច (Keyboard) និងប៊ិច S Pen ផងដែរ។

ប្រភព ៖ Ice Universe
អត្ថបទទាក់ទង