iPad mini 6 ជាមួយរចនាបថរូបរាងថ្មី ត្រូវបានគេបញ្ជាក់ថា នឹងបំពាក់មកជាមួយអេក្រង់ទំហំ 8.3 អ៊ីញ
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

កន្លងមក iPad mini ជំនាន់ថ្មី ឬមនុស្សភាគច្រើនហៅថា iPad mini 6 ត្រូវបានគេរាយការណ៍មកថា នឹងមានអេក្រង់ចន្លោះពី 8.5 និង 9 អ៊ីញ។ យ៉ាងណាមិញ កាលពីម្សិលមិញ តាមរយៈគណនីបណ្តាញសង្គម Twitter របស់ខ្លួន អ្នកវិភាគល្បីឈ្មោះខាងបន្ទះបង្ហាញ Ross Young បានបញ្ជាក់យ៉ាងច្បាស់ថា iPad mini 6 នឹងបំពាក់មកជាមួយអេក្រង់ 8.3 អ៊ីញ។ ខណៈ iPad mini ជំនាន់មុនៗ មានអេក្រង់ទំហំ 7.9 អ៊ីញប៉ុណ្ណោះ។

តាមរយៈប្រភពខាងលើដដែលនេះ ក៏បានធ្វើឲ្យយើងបានដឹងផងដែរថា iPad mini 6 នឹងទទួលបានរចនាបថរូបរាងថ្មី ខុសប្លែកពីជំនាន់មុនរបស់វាពិតមែន។ ដោយ iPad Mini 6 នឹងបំពាក់មកជាមួយអេក្រង់លាត មានគែមអេក្រង់ទាំង 4 ជ្រុងស្មើគ្នា ក៏ដូចជាលុបបំបាត់ចោលប៊ូតុង Home ហើយប្រើប្រាស់បច្ចេកវិទ្យា Touch ID បង្កប់ជាប់ជាមួយប៊ូតុង Power ជំនួសវិញ ផងដែរ។ យោងទៅតាមការលើកឡើងរបស់អ្នកចែកចាយព័ត៌មានបែកធ្លាយល្បីឈ្មោះ Jon Prosser បានធ្វើឲ្យយើងដឹងបន្ថែមទៀតថា ក្រៅពីរចនាបថរូបរាងថ្មី អេក្រង់ធំហើយ iPad mini 6 ក៏អាចនឹងទទួលបាន Speaker ដែលមានសមត្ថភាពធ្វើការបានប្រសើរជាងមុនផងដែរ។

ជាងនេះទៅទៀត iPad mini 6 ក៏អាចនឹងបង្ហាញខ្លួនមកជាមួយរន្ធ USB-C ក៏ដូចជា Smart Connector សម្រាប់តភ្ជាប់ជាមួយគ្រឿង Accesory ផងដែរ។ មិនទាន់អស់នោះទេ iPad mini 6 ក៏អាចនឹងប្រើប្រាស់បន្ទះឈីបលំដាប់កំពូល A15 ដែលនឹងត្រូវយកទៅបំពាក់នៅលើ iPhone 13 Series ថែមទៀតផង។ តាមរយៈព័ត៌មានដែលទទួលបានកន្លងមក បានបង្ហាញឲ្យយើងដឹងថា iPad mini 6 អាចនឹងត្រូវប្រកាសចេញជាផ្លូវការ នៅក្នុងចន្លោះខែកញ្ញា និងធ្នូ ឆ្នាំ 2021 ខាងមុខ។

ប្រភព ៖ Ross Young
អត្ថបទទាក់ទង