Odyssey Neo G9 ជាម៉ូនីទ័រហ្គេមដំបូងរបស់ Samsung បំពាក់អេក្រង់ Mini-LED ជាមួយតម្លៃដល់ 2,500 ដុល្លារឯណោះ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ថ្មីៗនេះ Samsung បានប្រកាសចេញម៉ូនីទ័រកំពូលជំនាន់ថ្មីរបស់ខ្លួនឈ្មោះថា Odyssey Neo G9 ដោយវាជាម៉ូនីទ័រដំបូង របស់ក្រុមហ៊ុនកូរ៉េខាងត្បូងនេះ ដែលប្រើប្រាស់អេក្រង់ Mini-LED ចំណែកឯតម្លៃរបស់វាវិញ ក៏ត្រូវបានតម្លើងកាន់តែខ្ពស់ជាងជំនាន់មុនថែមទៀតដូចគ្នាដែរ។ រូបរាងរបស់វាមិនប្លែកពីជំនាន់មុនប៉ុន្មានទេ ពោលគឺគេកែប្រែច្រើនតែទៅលើបច្ចេកវិទ្យាអេក្រង់ហ្នឹងឯង ហើយ Samsung ក៏បានបញ្ជាក់ថា វាជាម៉ូនីទ័រដំបូងគេដែលមានអេក្រង់ Mini-LED ជាមួយគ្នានឹងបច្ចេកវិទ្យា Quantum Matrix (តែមិនមែនម៉ូនីទ័រដំបូងដែលប្រើអេក្រង់ Mini-LED ទេ)។

Odyssey Neo G9 មានអេក្រង់ទំហំ 49 អ៊ីញ ជាមួយកម្រិតសមាមាត្រ 32:9 បើនិយាយឲ្យងាយស្រួលយល់ទៅ កម្រិតសមាមាត្រអេក្រង់របស់វានេះ គឺស្មើនឹងម៉ូនីទ័រដែលមានកម្រិតសមាមាត្រ 16:9 ដាក់ភ្ជាប់គ្នាចំនួនពីរ។ សម្រាប់កម្រិតបង្ហាញរបស់វាមិនខុសពីជំនាន់មុនទេគឺ 5,120 x 1,440 ភិចសែល ឬ 5K ហើយក៏នៅតែបន្តប្រើប្រាស់កម្រិតកោងដល់ 1000R ដដែល។ ម៉ូនីទ័រថ្មីនេះដែរ មានទីតាំងសម្រាប់បញ្ចេញពន្លឺ ឬ Dimming Zone ដល់ទៅ 2,048 ទីតាំងឯណោះ ដែលនេះជាគុណសម្បត្តិមួយរបស់បច្ចេកវិទ្យា Mini-LED ព្រោះ Odyssey Neo G9 ជំនាន់ដំបូងមាន Dimming Zone ត្រឹម 10 កន្លែងប៉ុណ្ណោះ នៅលើផ្ទៃអេក្រង់ទាំងមូល។ 

ម៉ូនីទ័រនេះវាអាចបញ្ចេញពន្លឺខ្ពស់បំផុតបានដល់ទៅ 2,000nits ឯណោះ ជាមួយកម្រិត Contrast Ratio 1,000,000:1 និងជាប្រភេទអេក្រង់ 12-bit Color ថែមទៀតផង (ជំនាន់មុនត្រឹម 8-bit ប៉ុណ្ណោះ)។ Odyssey Neo G9 ជំនាន់ថ្មីនេះ ក៏ទទួលបានវិញ្ញាបនបត្រ Quantum HDR 2000 Certification ដែរ។

ចំណុចសំខាន់ជាងគេសម្រាប់ការលេងហ្គេមនោះ គឺ Odyssey Neo G9 មានល្បឿន Refresh Rate ដល់ 240Hz និងមានកម្រិត Respond Time ទាបត្រឹម 1ms ប៉ុណ្ណោះ។ សម្រាប់រន្ធដែលមានភ្ជាប់មកវិញ មានដូចជា រន្ធ Display Port 1.4 ដែលគាំទ្រជាមួយ Adaptive Sync និងមានរន្ធ HDMI 2.1 VRR ដែលគាំទ្រជាមួយ Nvidia G-Sync និង AMD FreeSync Premium Pro ហើយក្រៅពីនេះ វានៅមានរន្ធ USB ចំនួនពីរទៀត ជាមួយគ្នានឹងរន្ធដោតកាសចំនួនមួយ។

មិនខុសពីជំនាន់មុនទេ វាមានភ្លើង RGB នៅខាងក្រោយ ដែល Samsung ហៅថា Infinity Core Lightning+ ដែលអាចធ្វើការបញ្ចេញភ្លើងបានដល់ទៅ 52 ពណ៌ផ្សេងគ្នា ជាមួយ Lightning Effect ចំនួន 5 បែប ហើយមុខងារ CoreSync ថ្មី អាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ធ្វើការកំណត់ Effect ទាំងនោះ បានដោយខ្លួនឯង។ 

ចំពោះផ្នែកតម្លៃវិញ គឺវាថ្លៃជាងមុនច្រើនដែរ និយាយឲ្យចំទៅ សម្រាប់ទីផ្សារអាមេរិក Samsung បានដល់លក់ដល់ទៅ 2,500 ដុល្លារឯណោះ ហើយនឹងចេញចរាចរណ៍លើទីផ្សារផ្លូវការ ចាប់ពីថ្ងៃទី 9 សីហាខាងមុខនេះទៅ។

ប្រភព ៖ Samsung
អត្ថបទទាក់ទង