Sony ប្រកាសចេញកាមេរ៉ាសម្រាប់ Vlogger ជំនាន់ថ្មី ZV-E10 ដោយលើកនេះអនុញ្ញាតឲ្យផ្លាស់ប្តូរលេនបាន
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

កាលពីឆ្នាំមុន Sony បានប្រកាសចេញកាមេរ៉ាមួយម៉ូឌែល ត្រូវបានហៅថា Sony ZV-1 ហើយគេបានផលិតវាឡើងមក ដោយផ្តោតលើអ្នកប្រើប្រាស់ ដែលជា Vlogger តែម្ដង ព្រោះក្នុងកាមេរ៉ានោះ បានដាក់បញ្ចូលមុខងារសំខាន់ៗជាច្រើន ទាក់ទងនឹងផ្នែក Vlog ដើម្បីជាជំនួយដល់អ្នកប្រើប្រាស់ប្រភេទនេះ។ ថ្មីៗនេះ Sony បានប្រកាសចេញម៉ូឌែលថ្មីមួយទៀត ដែលចូលមកបន្តតំណែងរបស់ ZV-1 ហើយ ដោយគេបានហៅថា ZV-E10 វិញ ដោយវាបាននាំយកមុខងារសំខាន់ៗនៅលើជំនាន់មុន មកដាក់បន្ថែមចំណុចសំខាន់ៗកាន់តែប្រសើរ។

ចំណុចសំខាន់ដំបូងនោះ គឺនៅលើ Sony ZV-E10 លើកនេះ ជាប្រភេទ Interchangeable Lens Camera មានន័យថា អ្នកប្រើប្រាស់អាចធ្វើការផ្លាស់ប្តូរលេនរបស់វាបាន មិនដូច ZV-1 ដែលមាន Fixed-Len នោះទេ។ កាមេរ៉ាជំនាន់ថ្មីខាងលើ បានបំពាក់មកជាមួយសេនស័រកាមេរ៉ា 24.2MP APS-C មានកម្រិត ISO ចន្លោះពី 100-32,000 និងមានបំពាក់មកជាមួយមុខងារ Eye Tracking និង Subject-Tracking AF ដែលធ្វើការបានប្រសើរដូចជំនាន់មុនដែរ។ វាក៏មានសមត្ថភាពអាចថតវីដេអូបានដល់ 4K 30fps ក្នុងទម្រង់ 4:2:0 និង 8-bit បន្ថែមពីនេះ ZV-E10 ក៏គាំទ្រជាមួយការថត S-Log2, S-Log3 និង HLG profiles បានដូចគ្នា។ កាមេរ៉ានេះក៏មានបំពាក់អេក្រង់បង្ហាញ Touchscreen មួយ ដែលអាចបត់ចេញចូលបាន សម្រាប់ Vlogger ដែលចង់ថតមុខខ្លួនឯង។ មិនត្រឹមតែប៉ុណ្ណោះទេ វាអាចធ្វើការថតវីដេអូយឺតៗ ឬ Slow Motion បានខ្ពស់បំផុតក្នុងកម្រិត 1080 / 120p ទៀតផង។

ក្រៅពីនេះ Microphone និងរន្ធដោតកាស 3.5mm Headphone Jacks ក៏មានភ្ជាប់មកជាមួយដូចគ្នា ហើយមុខងារ Livestreaming តាមរយៈរន្ធ USB ក៏គាំទ្រសម្រាប់ទូរសព្ទឆ្លាតដែលដំណើរការជាមួយ Android 11 ដែរ។ ZV-E10 ត្រូវបាន Sony អះអាងថា នឹងអាចទ្រាំទ្រការការថតវីដេអូបានដល់ទៅ 80 នាទីឯណោះ ក្នុងការសាកថ្មពេញម្ដង ដែលនេះពិតជាប្រសើរ ព្រោះបើមើលទៅ ZV-1 ជំនាន់ដំបូងវិញ ការសាកថ្មពេញម្ដង វាអាចថតវីដេអូបានត្រឹម 45 នាទីប៉ុណ្ណោះ។ 

ជម្រើសពណ៌របស់វាគឺមាន 2 រួមមាន ស និងខ្មៅហ្នឹងឯង ហើយសម្រាប់ផ្នែកតម្លៃ Sony ក៏បានបញ្ជាក់ច្បាស់ដែរថា នឹងត្រូវដាក់លក់ក្នុងតម្លៃខ្ទង់ 699 ដុល្លារសម្រាប់តែតួខ្លួនកាមេរ៉ាមួយ ប៉ុន្តែបើចង់បាន 16-50mm Kit Lens នេះមួយទៀត តម្លៃសរុបរបស់វា នឹងឡើងដល់ 799 ដុល្លារ។ ពេលវេលាចេញលក់ គឺនឹងចាប់ផ្តើមពីចុងខែសីហាខាងមុខនេះទៅ។

ប្រភព ៖ The Verge
អត្ថបទទាក់ទង