នាឡិកាឆ្លាតវៃ OPPO Watch 2 ចេញផ្លូវការ ប្រើបន្ទះឈីប 2 និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ 2 ផងដែរ
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

ដូចដែលបានកំណត់ទុក ដោយកាលពីយប់ម្សិលមិញ OPPO បានប្រកាសចេញនាឡិកាឆ្លាតវៃ OPPO Watch 2 សម្រាប់ទីផ្សារប្រទេសចិនជាផ្លូវការហើយ។ ដោយនាឡិកាឆ្លាតវៃ OPPO Watch 2 មានទាំងអស់ចំនួន 3 ម៉ូឌែល ហើយពីរក្នុងនោះអាចគាំទ្រ LTE។ នាឡិកាឆ្លាតវៃ OPPO Watch 2 មានតម្លៃចាប់ផ្តើមពីខ្ទង់ 200 ដុល្លារឡើងទៅ ហើយពួកវានឹងត្រូវដាក់លក់ជាផ្លូវការ នៅថ្ងៃទី 6 ខែសីហា ឆ្នាំ 2021 ខាងមុខ។

ទៅលើរចនាបថរូបរាងខាងក្រៅ យើងសង្កេតឃើញថា នាឡិកាឆ្លាតវៃ OPPO Watch 2 មានលក្ខណៈស្រដៀងគ្នាទៅនឹង OPPO Watch ជំនាន់ទី 1 អញ្ចឹងដែរ។ ដោយវាអេក្រង់កោង 3D Flexible Hyperboloid ប្រភេទ AMOLED មានដង់ស៊ីតេ 326PPI អេក្រង់ 60Hz ក៏ដូចជាគាំទ្រកម្រិតទឹកពណ៌ DCI-P3 100% ផងដែរ។ ដូចដែលបាននិយាយពីខាងលើអញ្ចឹង OPPO Watch 2 មានទាំងអស់ចំនួន 3 ម៉ូឌែល ដោយពីរម៉ូឌែលមានទំហំ 42mm និងមួយម៉ូឌែលទៀត មានទំហំដល់ 46mm។ សម្រាប់ម៉ូឌែលទំហំ 42mm មកជាមួយជម្រើស eSIM និង Bluetooth ខណៈម៉ូឌែល 46mm មកជាមួយជម្រើស eSIM តែមួយគត់។

នាឡិកាឆ្លាតវៃ OPPO Watch 2 បានបំពាក់មកជាបន្ទះឈីបដល់ទៅ 2 គឺ Snapdragon Wear 4100 និង Apollo4s។ មិនត្រឹមតែប្រើបន្ទះឈីប 2 នោះទេ ប៉ុន្តែ OPPO Watch 2 ថែមទាំងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ 2 ទៀតផង គឺ ColorsOS Watch ផ្អែកទៅលើ Android និង RTOS។ មិនដូចទៅនឹងនាឡិកាឆ្លាតវៃភាគច្រើននោះទេ ដោយ OPPO Watch 2 នឹងធ្វើការផ្លាស់ប្តូរបន្ទះឈីបទាំង 2 ទៅមក ដោយផ្នែកទៅលើការប្រើប្រាស់។ យ៉ាងណាមិញ OPPO Watch 2 ប្រើប្រាស់បន្ទះឈីប Snapdragon Wear 4100 នៅពេលដែលវាដំណើរការកម្មវិធី Android ប៉ុណ្ណោះ។

ផ្អែកទៅតាមការលើកឡើងរបស់ OPPO ផ្ទាល់ បានធ្វើឲ្យយើងដឹងថា នាឡិកាឆ្លាតវៃ OPPO Watch 2 មានថាមពលថ្មអាចប្រើប្រាស់ទូទៅបាន 4 ថ្ងៃ និងដល់ទៅ 16 ថ្ងៃ នៅពេលដែលវាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ RTOS។ នៅក្នុងទីផ្សារប្រទេសចិន OPPO Watch 2 ទំហំ 42mm ម៉ូឌែល Bluetooth មានតម្លៃខ្ទង់ 200 ដុល្លារ និងតម្លៃខ្ទង់ 230 ដុល្លារ សម្រាប់ម៉ូឌែល eSIM ទំហំ 42mm ដូចគ្នា។ សម្រាប់ OPPO Watch 2 ទំហំ 46mm ម៉ូឌែល eSIM វិញ មានតម្លៃខ្ទង់ 310 ដុល្លារ។

ប្រភព ៖ Gizmochina
អត្ថបទទាក់ទង