រូបរាងពិតរបស់កាសឥតខ្សែ Nothing ear (1) ត្រូវបានលាតត្រដាងជាផ្លូវការ
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

ម៉ាកផលិតផលថ្មីឈ្មោះថា Nothing ត្រូវបានដឹកនាំដោយលោក Carl Pei (អតីតសហស្ថាបនិក OnePlus) ទើបប្រកាសចេញកាសឥតខ្សែ ជំនាន់ដំបូងជាផ្លូវការ កាលពីយប់ថ្ងៃទី 27 ខែកក្កដា ឆ្នាំ 2021 កន្លងទៅនេះ។ ទីបំផុត Nothing ear (1) បានដាក់បង្ហាញចេញរូបរាងពិត ហើយត្រៀមដាក់លក់ជាផ្លូវការ ចាប់ផ្ដើមពីថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2021 ខាងមុខនេះតទៅ ជាមួយតម្លៃខ្ទង់ 80 ដុល្លារនៅប្រទេសឥណ្ឌា ឬតម្លៃខ្ទង់ 99 ដុល្លារនៅតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក។

ចំពោះមុខងារពិសេសៗ ដែលប្រទះឃើញមាននៅលើ Nothing ear (1) នោះគឺរួមមានដូចជា មុខងារទប់សំឡេងរំខាន (ANC), Transparency Mode (ស្ដាប់ឮជុំវិញខ្លួនកាន់តែច្បាស់), សាកថ្មឥតខ្សែ Qi (Wireless Charging) ឬសាកថ្មតាមរន្ធ Type-C និងអាវក្រោះការពារទឹក IPX4 ជាមួយការឌីហ្សាញថ្មីប្លែក គួរឲ្យទាក់ទាញម្យ៉ាងដែរ។ ក្រុមហ៊ុនអះអាងមកថា បន្ទាប់ពីដកចេញពីប្រអប់ វាអាចកាន់ថ្មបានរយៈពេល 4 ម៉ោង (បើកមុខងារ ANC) ឬបាន 5.7 ម៉ោង (បិទមុខងារ ANC) ហើយប្រអប់របស់វា អាចផ្ទុកថាមពលថ្មសរុបបាន 34 ម៉ោងឯណោះ។ លើសពីនេះ ដុំ Driver របស់វាមានទំហំ 11.6mm និងត្រូវបានកែសម្រួលសំឡេងដោយក្រុមហ៊ុន Teenage Engineering ផងដែរ។ យើងក៏ឃើញមានមីក្រូហ្វូនសរុបចំនួន 3 និងមុខងារបញ្ជាតន្ដ្រី ដោយចុចថាច់ម្ដង, ចុចថាច់ឲ្យជាប់ ថែមទាំងអូសថាច់។ 

ដោយសារតែ វាមានតម្លៃដើមខ្ទង់ 80 ដល់ 99 ដុល្លារទៅហើយ ដូច្នេះវានឹងមានតម្លៃថ្លៃជាងនោះមិនខាន នៅពេលមកដល់ស្រុកយើង បូកបន្ថែមជាមួយថ្លៃបង់ពន្ធ និងថ្លៃដឹកជញ្ជូនជាដើម។ ប្រសិនបើកាសឥតខ្សែ Nothing ear (1) មានឱកាសមកដល់ស្រុកយើង ក្នុងពេលអនាគតខាងមុខនេះ អ៊ីចឹងក្រុមការងារ ខេមបូរីផត នឹងព្យយាមចេញជាវីដេអូជូនអ្នកទាំងអស់គ្នា។

ប្រភព ៖ Nothing
អត្ថបទទាក់ទង