មុខងារ Autopilot លើរថយន្ត Tesla យល់ច្រឡំថា ពន្លឺព្រះច័ន្ទគឺជាភ្លើងចរាចរណ៍ពណ៌លឿងទៅវិញ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

យើងបានដឹងថា នៅលើរថយន្ត Tesla គឺមានភ្ជាប់មកជាមួយមុខងារបើកបរស្វ័យប្រវត្តិ ដែលគេហៅថា Autopilot ដោយមុខងារនេះ វាអាចធ្វើការបើកបរដោយខ្លួនឯងបាន ប៉ុន្តែក៏តម្រូវឲ្យអ្នកបើកបរ យកចិត្តទុកដាក់លើផ្លូវបន្ថែមផងដែរ ដើម្បីការពារសុវត្ថិភាព។ យ៉ាងណាមុខងារនេះ បើកឲ្យដំណើរការតែនៅក្នុងប្រទេសធំៗមួយចំនួនប៉ុណ្ណោះ ហើយនៅក្នុងពេលថ្មីៗនេះ អ្នកប្រើប្រាស់រថយន្ត Tesla ម្នាក់ បានថតវីដេអូបង្ហាញពីការភាន់ច្រឡំមួយរបស់មុខងារ Autopilot និងបានបង្ហោះចែករំលែកនៅតាមបណ្ដាញសង្គម Twitter ថែមទៀតផង។

ក្នុងវីដេអូនោះបង្ហាញតែអេក្រង់របស់រថយន្តខាងក្នុងប៉ុណ្ណោះ ដូច្នេះយើងមិនដឹងថាជារថយន្ត Tesla ម៉ូឌែលអ្វីនោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺថា អ្នកដំណើរកំពុងតែបើកបរលើផ្លូវល្បឿនលឿនជាមួយមុខងារ Autopilot បើកដំណើរការ ស្របពេលដែលមានព្រះច័ន្ទរះពេញវង់ និងនៅពីមុខរថយន្តតែម្ដង។ ក្រឡេកទៅមើលលើអេក្រង់កណ្ដាលនៃរថយន្ត Tesla វិញ មុខងារ Autopilot បានបង្ហាញថា នោះជាភ្លើងចរាចរណ៍ពណ៌លឿងទៅវិញ ហើយថែមទាំងបានបន្ថយល្បឿនរថយន្តទៀតផង។ បុគ្គលដែលបង្ហោះវីដេអូនោះបញ្ជាក់ ការបន្ថយល្បឿនរបស់វាមិនថយមកនៅយឺតពេកទេ ប៉ុន្តែតាមរយៈការអង្គុយក្នុងរថយន្តផ្ទាល់ គាត់អាចកត់សម្គាល់ដឹង នៅពេលដែលលោតភ្លើងចរាចរណ៍ពណ៌លឿងលើអេក្រង់ចេញមក រថយន្តហាក់ដូចជាស្ទាក់ស្ទើរក្នុងការបន្ថយល្បឿន។

*ចុចត្រង់នេះ ដើម្បីចូលទៅមើលការបង្ហោះក្នុងបណ្ដាញសង្គម Twitter ផ្ទាល់!

នៅក្នុងការបង្ហោះនោះ ក៏ឃើញមានការ Mention ឈ្មោះគណនី Twitter របស់មហាសេដ្ឋីលំដាប់ពិភពលោក Elon Musk ដែលជា CEO របស់ Tesla ចូលដែរ ប៉ុន្តែយើងមិនទាន់ឃើញមានការឆ្លើយតបវិញនោះទេ គិតមកត្រឹមពេលនេះ ប៉ុន្តែថាមិនត្រូវលោក Elon Musk អាចនឹងឆ្លើយតបនៅពេលក្រោយក៏ថាបាន ព្រោះជារឿយៗ គាត់តែងតែឆ្លើយតបទៅកាន់អ្នកប្រើប្រាស់ Twitter ដែលបាន Mention គាត់ជាញឹកញាប់ផងដែរ។

ប្រភព ៖ Slash Gear
អត្ថបទទាក់ទង