Apple បញ្ចេញ iOS / iPadOS 14.7.1 ដើម្បីជួសជុលបញ្ហា និងចន្លោះប្រហោងកើតមាននៅលើ iOS 14.7
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

កាលពីសប្តាហ៍មុន Apple បានបញ្ចេញកំណែអាប់ដេត iOS / iPadOS 14.7 ដើម្បីបន្ថែមជម្រើស (Option) ថ្មីមួយចំនួន ចូលទៅក្នុង Apple Card ក៏ដូចជាគាំទ្រ MagSafe Battery Pack សម្រាប់ iPhone 12 Series ថែមទៀតផង។ ជាងនេះទៅទៀត តាមរយៈកំណែអាប់ដេត iOS / iPadOS 14.7 ដដែល Apple ក៏បានជួសជុលបញ្ហា និងចន្លោះប្រហោង ដែលកើតមាននៅលើ iOS 14 ជំនាន់មុនៗផងដែរ។

យ៉ាងណាមិញ បន្ទាប់ពី Apple បានបញ្ចេញកំណែអាប់ដេត iOS / iPadOS 14.7 ជាផ្លូវការហើយ អ្នកប្រើប្រាស់បានរាយការណ៍មកថា វានៅតែមានបញ្ហា និងចន្លោះប្រហោងមួយចំនួនកើតមានឡើងដដែល។ ហេតុដូច្នេះហើយ ទើបនៅក្នុងថ្ងៃនេះ Apple បានបញ្ចេញកំណែអាប់ដេតថ្មីមួយផ្សេងទៀត គឺ iOS / iPadOS 14.7.1 ដើម្បីជួសជុលបញ្ហា និងចន្លោះប្រហោង ដែលកើតមានឡើងនៅលើ iOS 14.7។ តាមរយៈកំណែអាប់ដេតថ្មីនេះ Apple ក៏បានជួសជុលបញ្ហា Touch ID មិនអាចធ្វើការ Unlock នាឡិកាឆ្លាត Apple Watch ផងដែរ។ ជាចុងក្រោយ Apple បានណែនាំឲ្យអ្នកប្រើប្រាស់ធ្វើការអាប់ដេតឡើងទៅ iOS / iPadOS 14.7.1 ទាំងអស់គ្នាផងដែរ។ ដោយ Apple បានលើកឡើងថា ពួកគេបានជួសជុលទៅលើបញ្ហាសុវត្ថិភាពសំខាន់ៗជាច្រើន។

ដូច្នេះសម្រាប់ប្រិយមិត្តដែលមានបំណងចង់ដំឡើងទៅ iOS / iPadOS 14.7.1 អាចធ្វើការដំឡើងដោយខ្លួនឯងបាន ដោយគ្រាន់តែចូលទៅក្នុង Settings នៅលើ iPhone របស់អ្នក បន្ទាប់មកចូលទៅកាន់ General -> Software Update ហើយចុចទាញយក iOS / iPadOS 14.7.1 និងដំឡើងជាការស្រេច។ យ៉ាងណាមិញ ត្រូវប្រាកដថា iPhone និង iPad របស់អ្នកបានភ្ជាប់ទៅកាន់អ៊ីនធើណេត ក៏ដូចជាមានថ្មចាប់ពី 50% ឡើងទៅ ឬកំពុងតែដោតសាកបញ្ចូលថាមពល។

ប្រភព ៖ MacRumors
អត្ថបទទាក់ទង