NVIDIA កំពុងមានគម្រោងធ្វើឲ្យ RTX 4090 មានល្បឿនលឿនជាង RTX 3090 គុណនឹងពីរ
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

ប្រសិនបើដំណឹងលេចធ្លាយនេះពិតប្រាកដមែន ដូច្នេះហើយក្រាហ្វិកកាតកំពូល RTX 4090 សម្រាប់ចេញនៅពេលអនាគត របស់ក្រុមហ៊ុន NVIDIA គឺមានកម្លាំងខ្លាំងជាងគេលើទីផ្សារមិនខាន។ ស្របនឹងពេលដែល RTX 3090 កំពុងមានកម្លាំងខ្លាំងស្រាប់ហើយ ដោយឡែក RTX 4090 ត្រូវបានគេរំពឹងទុកថា នឹងមានល្បឿនលឿនជាងនោះ រហូតដល់ទៅចំនួនជាង 100% បន្ថែមឯណោះ។

បើយើងតាមប្រភពផ្ទៃក្នុងមួយចំនួន បានលើកឡើងមកថា NVIDIA កំពុងតែឌីហ្សាញខ្នាតឈីប GPU ជំនាន់ថ្មី ដែលមានឈ្មោះហៅថា Ada Lovelace ហើយកំពុងពិសោធន៍នៅលើ ក្រាហ្វិកកាតគំរូឈ្មោះថា AD102 ដោយត្រូវបានគេជឿជាក់ថាជា RTX 4090 តែម្ដង។

វានឹងមានទំហំតូចត្រឹមតែ 5nm ប៉ុណ្ណោះ ដើម្បីធ្វើឲ្យដំណើរការកាន់តែល្អ និងប្រើប្រាស់ថាមពលកាន់តែតិច បើប្រៀបធៀបទៅនឹងជំនាន់មុនៗ ដោយរួមមានជាមួយនឹងចំនួន 18,432 CUDA Cores, កម្លាំង GPU រត់នៅក្នុងល្បឿន 2.2GHz ឡើងទៅ ក៏ដូចជា VRAM GDDR6X ស្ថិតនៅក្នុងល្បឿន 24Gbps បូករួមគ្នាស្មើនឹងចំនួន 81 Teraflop ថែមទៀតផង។

ខណៈពេលដែល GA102 (RTX 3090) មានផ្ទុកចំនួន 10,496 CUDA Cores, កម្លាំង GPU រត់នៅក្នុងល្បឿន 1.4GHz ឡើងទៅ ក៏ដូចជា VRAM GDDR6X ស្ថិតនៅក្នុងល្បឿន 19.5Gbps បូករួមគ្នាស្មើនឹងចំនួន 35.5 Teraflop ផងដែរ។

ប្រភពខាងលើដដែល ក៏បាននិយាយប្រាប់មកថា NVIDIA ប្រទះឃើញត្រីមាសទី 4 នៃឆ្នាំ 2022 ដែលជាពេលវេលាល្អបំផុត ដើម្បីធ្វើការដាក់លក់ក្រាហ្វិកកាត RTX 4090 ជំនាន់ថ្មីរបស់ពួកគេជាផ្លូវការ។ ដោយសារតែ វារំពឹងទុកថានឹងមានកម្លាំងខ្លាំងជាងមុនច្រើន និងក្រាហ្វិកកាតចាប់ផ្ដើមមានតម្រូវការខ្ពស់ទៀត ដូច្នេះហើយវានឹងមានតម្លៃថ្លៃជាងមុនច្រើន ជាក់ជាមិនខានឡើយ។

ប្រភព ៖ TweakTown
អត្ថបទទាក់ទង