Intel នឹងចាប់ផ្ដើមផលិតឈីបឲ្យ Qualcomm ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

ថ្មីៗនេះ Intel បានប្រកាសប្រាប់អំពី គម្រោងពង្រីកទីផ្សារថ្មីម្ដងទៀត ដើម្បីចង់ដណ្ដើមយកតំណែងស្ដេចបន្ទះឈីបមកវិញ ដោយស្របនឹងពេលនេះដែរ ពួកគេក៏បានស្វែងរកឃើញអតិថិជនធំ លើកដំបូងរបស់គេហើយ។ នោះគឺជាក្រុមហ៊ុន Qualcomm ដែលបានជ្រើសរើសយក Intel ឲ្យផលិតឈីបឲ្យពួកគេ នៅក្នុងពេលអនាគតខាងមុខ ជាមួយនឹងខ្នាតបន្ទះឈីបប្រភេទថ្មីហៅថា Intel 20A ផងដែរ។

នាពេលបច្ចុប្បន្ននេះ Intel និង Qualcomm មិនទាន់បញ្ជាក់ប្រាប់នៅឡើយទេថា បន្ទះឈីបប្រភេទថ្មីនោះ នឹងប្រើប្រាស់នៅលើឧបករណ៍មួយណា ហើយចេញជាផ្លូវការនៅឆ្នាំណានោះទេ។ យ៉ាងណាមិញ Intel បានលើកឡើងមកថា ឈីបប្រភេទ 20A របស់គេ នឹងរួចរាល់ជាស្រេចចាប់ពីឆ្នាំ 2024 តទៅ ជាមួយនឹងខ្នាតត្រង់ស៊ីស្ទ័រថ្មី (Transistor) ដែលរំពឹងទុកថាល្អជាងមុន។

គម្រោងអាជីវកម្មថ្មីនេះ ត្រូវបានដាក់ឈ្មោះហៅថា Foundry Services និងស្ថិតនៅក្នុងយុទ្ធសាស្រ្ដ IDM 2.0 ដែលត្រូវបានរៀបចំដោយ CEO ថ្មីរបស់ Intel លោក Pat Gelsinger ផ្ទាល់តែម្ដង។ ក្រៅពីក្រុមហ៊ុន Qualcomm ហើយ ក៏នៅមានក្រុមហ៊ុន AWS របស់ Amazon មួយទៀត ដែលនឹងជ្រើសរើសយក Intel ដើម្បីផលិតឈីបទៅឲ្យពួកគេ ជាមួយនឹងឈីបថ្មីនោះថែមទៀតផង។

ដោយសារតែ Intel បានបាត់បង់ឱកាស និងអតិថិជនអស់ច្រើន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដូច្នេះហើយពួកគេក៏រៀបចំគម្រោងថ្មីៗ និងសង្ឃឹមថាអាចត្រឡប់មកល្អឡើងវិញ នៅក្នុងពេលអនាគត។ អ៊ីចឹង យើងមានតែរង់ចាំមើលទាំងអស់គ្នា ថាតើក្រុមហ៊ុន Qualcomm នឹងប្រើប្រាស់ឈីបផលិតដោយ Intel ថ្មីនោះ សម្រាប់ទូរសព្ទឆ្លាត ឬឧបករណ៍ដទៃទៀតទៅ។

ប្រភព ៖ Intel
អត្ថបទទាក់ទង