រូបភាពបែកធ្លាយបង្ហាញថា Surface Duo 2 របស់ Microsoft មានប្រព័ន្ធកាមេរ៉ាក្រោយ 3 គ្រាប់
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

តាមរយៈព័ត៌មានដែលទទួលបានកន្លងមក បានបង្ហាញឲ្យយើងដឹងថា Microsoft មានគម្រោងប្រកាសចេញថេប្លេតអេក្រង់ភ្លោះ Surface Duo 2 ជាផ្លូវការ នៅក្នុងអំឡុងត្រីមាសទី 4 ឆ្នាំ 2021 នេះ តែម្តង។ ដោយឡែក នៅក្នុងថ្ងៃនេះ តាមរយៈគេហទំព័រ Windows Central យើងបានប្រទះឃើញរូបភាពបែកធ្លាយ ដែលបង្ហាញពីរចនាបថរូបរាងខាងក្រៅ ក៏ដូចជាលក្ខណៈសម្បត្តិកាមេរ៉ាក្រោយរបស់ Surface Duo 2 ផងដែរ។

យោងទៅតាមរូបភាពបែកធ្លាយ បានបង្ហាញឲ្យយើងដឹងថា Surface Duo 2 នៅតែបន្តប្រើប្រាស់អេក្រង់ 2 ដាច់ពីគ្នាដដែល ដោយ Microsoft មិនបានបំពាក់អេក្រង់បត់ 1 ផ្ទាំង នៅលើ Surface Duo 2 របស់ខ្លួន ដូចការរំពឹងទុករបស់មនុស្សមួយចំនួននោះទេ។ យ៉ាងណាមិញ សម្រាប់ការអាប់ដេតធំបំផុតរបស់ Surface Duo 2 គឺស្ថិតនៅត្រង់ប្រព័ន្ធកាមេរ៉ាក្រោយរបស់វាតែម្តង។ ជាក់ស្តែង តាមរយៈរូបភាពបែកធ្លាយដដែល បានបង្ហាញឲ្យយើងដឹងថា Surface Duo 2 បានភ្ជាប់មកជាមួយកាណុងកាមេរ៉ាក្រោយធំគួរសម មានសណ្ឋានជារាងចតុកោណ ស្ថិតនៅជ្រុងខាងឆ្វេងនៃផ្នែកខាងលើ ផ្ទុកសេនស័រដល់ទៅ 3 គ្រាប់ ខណៈ Surface Duo មានកាមេរ៉ាក្រោយតែ 1 គ្រាប់ ប៉ុណ្ណោះ។

ផ្អែកទៅតាមការលើកឡើងរបស់ប្រភពខាងលើ បានបង្ហាញឲ្យយើងដឹងថា ក្នុងចំណោមកាមេរ៉ាក្រោយ 3 គ្រាប់របស់ Surface Duo 2 មានមួយគ្រាប់គឺជាលេនគោល, មួយគ្រាប់ទៀតជាលេនពង្រីក Telephoto និងមួយគ្រាប់ចុងក្រោយជាលេនទូលាយ Ultra Wide។ ក្រៅពីកាមេរ៉ាក្រោយ 3 គ្រាប់ហើយ Surface Duo 2 ក៏អាចនឹងទទួលបានអេក្រង់ធំ ក៏ដូចជាគែមអេក្រង់ខ្លីជាងមុនផងដែរ។ ជាងនេះទៅទៀត សេនស័រស្កេនស្នាមម្រាមដៃរបស់វា ក៏ទំនងជាត្រូវយកទៅបង្កប់ជាមួយប៊ូតុង Power ផងដែរ។ លើសពីនេះ Surface Duo 2 អាចនឹងប្រើប្រាស់បន្ទះឈីប Snapdragon 888 គាំទ្រ 5G និងដំណើរការដោយ Android 11 ចេញពីប្រអប់ស្រាប់ថែមទៀតផង។

ប្រភព ៖ Windows Central
អត្ថបទទាក់ទង