iMac Pro ជាមួយការឌីហ្សាញថ្មី ប្រើឈីបកំពូលត្រកូល M អាចនឹងបង្ហាញខ្លួនក្នុងឆ្នាំក្រោយវិញ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

Apple បានប្រកាសចេញ និងដាក់លក់ iMac ជំនាន់ថ្មី ដែលប្រើប្រាស់ឈីប M1 មួយរយៈធំមកហើយ ដោយក្នុងនោះឃើញថា កុំព្យូទ័រលើតុ All-In-One មួយនេះ ហាក់ដូចជាទទួលបានប្រជាប្រិយភាពច្រើនមែនទែន ពីសំណាក់អ្នកប្រើប្រាស់ ដែលនេះក៏អាចដោយសារតែការរចនារូបរាងថ្មី និងការបំពាក់ឈីបខ្លាំងជាងមុនហ្នឹងឯង។ យ៉ាងណាក៏ដោយ វត្តមាន iMac ម៉ូឌែលកំពូល ដែលមានអេក្រង់ធំ នៅតែមិនទាន់បង្ហាញខ្លួនដដែល ហើយថ្មីៗនេះមានរបាយការណ៍ថា Apple អាចនឹងមិនប្រកាសចេញវាក្នុងឆ្នាំនេះឡើយ។

មិនខុសទេ កន្លងមកធ្លាប់មានដំណឹងមកថា Apple អាចនឹងប្រកាសចេញ iMac ម៉ូឌែលកំពូល ទំនងជាត្រូវបានហៅថា iMac Pro ជាមួយគ្នានឹងវត្តមានរបស់ MacBook Pro ថ្មី ដែលប្រើប្រាស់ឈីប M1X នៅក្នុងអំឡុងត្រីមាសទី 4 ចុងឆ្នាំនេះតែម្ដង (អាចស្ថិតក្នុងចន្លោះខែកញ្ញា ដល់ខែវិច្ឆិកា)។ ដោយឡែកនៅក្នុងពេលនេះវិញ ព័ត៌មានលេចធ្លាយថ្មីបានប្រាប់ឲ្យដឹងថា Apple ទំនងជាមិនធ្វើបែបនោះឡើយ ដោយគេអាចនឹងលើកការប្រកាសចេញ iMac Pro នោះ ទៅក្នុងអំឡុងឆ្នាំក្រោយវិញ ក្រោមហេតុផលថា Apple មិនចង់ឲ្យ iMac ម៉ូឌែលកំពូលថ្មី ទាក់ទាញចំណាប់អារម្មណ៍អតិថិជន ដែលកំពុងតែចាប់អារម្មណ៍លើ iMac ទំហំ 24 អ៊ីញសព្វថ្ងៃនេះទេ។ បន្ថែមពីនេះ ក៏អាចដោយសារតែបញ្ហាមួយចំនួនផ្សេងទៀត ដែលបណ្ដាលឲ្យសង្វាក់ផលិតកម្មមានការយឺតយ៉ាវ ដូច្នេះទើបគេសម្រេចលើកទៅប្រកាសចេញ នៅក្នុងឆ្នាំក្រោយវិញតែម្ដង។

iMac Pro ថ្មី អាចនឹងមានអេក្រង់ 27 អ៊ីញ ព្រោះថាវាអាចជាម៉ូឌែលបន្តតំណែងពី iMac 27 អ៊ីញ ដែលប្រើប្រាស់ឈីប Intel កំពុងតែត្រូវបាន Apple ដាក់លក់សព្វថ្ងៃនេះឯង ហើយកុំព្យូទ័រលើតុជំនាន់ថ្មីនោះ ក៏ធ្លាប់មានការរំពឹងថា អាចនឹងទទួលបានការរចនារូបរាងថ្មីជាច្រើនផ្នែក ជាក់ស្ដែងដូចជា អាចនឹងទទួលបានកម្រាស់ស្ដើង ដូច iMac 24 អ៊ីញសព្វថ្ងៃនេះ, ទទួលបានការបង្កើនសមត្ថភាពបន្ថែមលើផ្នែកសម្លេង និងអាចមានបំពាក់ម៉ាស៊ីនកាន់តែខ្លាំងអាចជា M1X ឬ M2X ជំនួសឲ្យឈីប Intel ដែលគេកំពុងប្រើសព្វថ្ងៃនេះតែម្ដង។

ប្រភព ៖ Macrumors
អត្ថបទទាក់ទង