ក្រុមហ៊ុន GM បានប្ដឹងទៅកាន់ Ford ដោយសារតែបានដាក់ឈ្មោះមុខងារបើកបរស្វ័យប្រវត្តិស្រដៀងខ្លួនដែរ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

កាលពីដើមឆ្នាំនេះ Ford បានប្រកាសជាផ្លូវការ ទាក់ទងនឹងមុខងារបើកបរស្វ័យប្រវត្តិ ឬ Hand-Free Driving របស់ខ្លួនជាផ្លូវការ ដោយបានដាក់ឈ្មោះថា BlueCruise ដោយនេះជាចំណុចចាប់ផ្តើមដំបូងមួយរបស់គេ ទាក់ទងនឹងរថយន្តបើកដោយខ្លួនឯង ខណៈពេលដែលមុខងារបើកបរដោយស្វ័យប្រវត្តិពេញលេញនោះ គឺជាគម្រោងវែងឆ្ងាយនាពេលអនាគត។ ប្រាកដណាស់ Ford រីករាយក្នុងការប្រកាសចេញរបស់គេ ប៉ុន្តែ GM ដែលជាក្រុមហ៊ុនប្រកួតប្រជែងនោះ ហាក់មិនសប្បាយចិត្តទេ ថែមទាំងបានដាក់ពាក្យបណ្ដឹងទៅកាន់ Ford ទៀតផង។

ពាក្យបណ្ដឹងពីសំណាក់ GM ទៅកាន់ Ford នោះ គឺជុំវិញការដាក់ឈ្មោះ BlueCruise នេះឯង ដោយ GM អះអាងថា ឈ្មោះនេះគឺស្រដៀងគ្នានឹងមុខងារ Hand-Free Driving របស់ខ្លួនដែរ ដែលគេហៅថា Super Cruise ហើយមួយវិញទៀតនោះ វាក៏ស្រដៀងទៅនឹងក្រុមហ៊ុនក្រោមអាណាព្យាបាលរបស់ GM មួយឈ្មោះ Cruise ដែលជាក្រុមហ៊ុន ធ្វើការទៅលើគម្រោងរថយន្តបើកបរដោយស្វ័យប្រវត្តិហ្នឹងឯង។ សម្រាប់ការទាមទាររបស់ GM នោះ គឺតម្រូវឲ្យ Ford ប្តូរឈ្មោះមុខងារ BlueCruise របស់ខ្លួនចេញវិញ ធ្វើយ៉ាងណាកុំឲ្យមានពាក្យ Cruise។

យោងតាមអ្នកនាំពាក្យរបស់ GM បានបញ្ជាក់ថា គេបានព្យាយាមចរចារសម្របសម្រួលគ្នាជាមួយ Ford ដែរ នាពេលកន្លងមកនេះ ប៉ុន្តែក្រុមហ៊ុនទាំងពីរចរចារមិនត្រូវគ្នាទេ ជាហេតុដែលធ្វើឲ្យ GM សម្រេចដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់បែបនេះ។

Ford ក៏បានចេញការឆ្លើយតបវិញដែរ ព្រមទាំងថា ការប្ដឹងរបស់ GM នោះ គឺជាទង្វើរមិនចេះគិតទៀតផង ហើយគេពន្យល់ថា ពាក្យ Cruise គឺជាពាក្យដែលមនុស្សគ្រប់គ្នាស្គាល់ហើយ ថាតំណាងឲ្យមុខងារ Cruise Control លើរថយន្ត ហើយការដាក់ឈ្មោះថា BlueCruise នោះ គឺចង់បង្ហាញថា វាជាមុខងារជំនាន់បន្ទាប់ពីមុខងារ Intelligent Adaptive Cruise Control របស់ Ford ហ្នឹងឯង។ Ford បន្ថែមទៀតថា GM ហាក់ដូចជាមានបំណងចង់មានបញ្ហាជាមួយគេតែម្ដង ព្រោះថាកន្លងទៅ GM មិនមានប្រតិកម្មជាមួយក្រុមហ៊ុនផ្សេងៗ ដែលប្រើប្រាស់ឈ្មោះស្រដៀងគ្នានេះឡើយ ជាក់ស្ដែងដូចជា Active Cruise Control របស់ BMW ព្រមទាំង Smart Cruise Control របស់ Hyundai ជាដើម។

សូមបញ្ជាក់ដែរថា មុខងារ Super Cruise, BlueCruise ឬក៏ Active Cruise Control ជាដើមនេះ មិនទាន់ដល់ដំណាក់បើកបរស្វ័យប្រវត្តិពេញលេញនោះទេ ពោលគឺវាគ្រាន់តែជាជំនួយ អនុញ្ញាតឲ្យអ្នកបើកបរមិនចាំបាច់កាន់ចង្កូតឡានក៏បាន ដោយវាអាចធ្វើការកាច់ចង្កូត ផ្លាស់ប្តូរគន្លង ក៏ដូចជាមុខងារមួយចំនួនទៀតបានដោយស្វ័យប្រវត្តិ។

ប្រភព ៖ Engadget
អត្ថបទទាក់ទង