កូនយន្ដហោះនៅលើភពអង្គាររបស់ NASA ហោះហើរបានចម្ងាយ 1.6 គីឡូម៉ែត្រហើយ
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

កូនយន្តហោះ Ingenuity របស់អង្គការ NASA ត្រូវបានចុះចតដោយជោគជ័យ នៅលើផ្ទៃភពអង្គារ កាលពីថ្ងៃទី 19 ខែកុម្ភៈ ឆ្នាំ 2021 និងបានសាកល្បងបង្ហោះលើកដំបូង នៅថ្ងៃទី 19 ខែមេសា ឆ្នាំ 2021 កន្លងទៅនេះ។ រហូតមកដល់ជិតចុងខែកក្កដានេះ វាអាចធ្វើការហោះហើរបានចម្ងាយសរុប 1.6 គីឡូម៉ែត្រនៅលើភពក្រហមនោះ និងជាការសម្រេចបានដ៏សំខាន់មួយ ដែលមិនធ្លាប់មានពីមុនមកឡើយ។

ចាប់តាំងពីពេលសាកល្បងហោះហើរ លើកដំបូងរហូតមកដល់ពេលបច្ចុប្បន្ននេះ គឺជាជើងហោះហើរលើកទី 10 ហើយ ទើបអាចឆ្លងកាត់បានចម្ងាយ 1.6 គីឡូម៉ែត្រ។ ហេតុដូច្នេះហើយ ការបញ្ជាឲ្យហោះហើរលើភពអង្គារ ពិតជាមានការប្រឈមគ្រោះថ្នាក់ និងត្រូវមានការប្រុងប្រយ័ត្នច្រើន ព្រោះតែភាពខុសគ្នាលើអាកាសធាតុ ក៏ដូចជាកម្លាំងទំនាញ បើប្រៀបធៀបទៅនឹងផែនដី។ ទិសដៅដែលត្រូវហោះឆ្ពោះទៅកាន់ គឺជាតំបន់មួយមានឈ្មោះហៅថា “Raised Ridges” ដើម្បីពង្រីកបេសកកម្មរុករក និងសាកល្បងឲ្យដឹងច្បាស់ថា កូនយន្ដហោះមួយនេះ អាចមានសមត្ថភាពហោះពិត បានរយៈចម្ងាយប៉ុន្មាន ទើបលែងដំណើរការតទៅទៀត។

ចំណែកឯកម្ពស់វិញ កូនយន្ដហោះ Ingenuity អាចហោះដល់កំណត់ត្រាខ្ទង់ 12 ម៉ែត្រ ខ្ពស់បំផុតពីផ្ទៃដីរបស់ភពអង្គារ។ អង្គការ NASA អាចរំពឹងទុកមុនបានថា បេសកកម្ម Perserverance រយៈពេល 2 ឆ្នាំនេះ នឹងអាចសម្រេចការរុករកបានច្រើន បើយោងតាមលទ្ធផលល្អៗ ដែលទទួលបានក្នុងពេលបច្ចុប្បន្ននេះ។

ប្រភព ៖ NASA
អត្ថបទទាក់ទង