Apple អាចនឹងបំពាក់ Face ID នៅលើកុំព្យូទ័រ Mac របស់ខ្លួន ក្នុងអំឡុងពេល 2 ទៅ 3 ឆ្នាំ ខាងមុខទៀត
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

បច្ចេកវិទ្យាស្កេនផ្ទៃមុខ Face ID ត្រូវបានយកទៅបំពាក់នៅលើ iPhone X មុនគេ ហើយវាបន្តបង្ហាញខ្លួននៅលើ iPhone និង iPad លំដាប់កំពូលរបស់ Apple ទល់មកដល់បច្ចុប្បន្ននេះ។ យ៉ាងណាមិញ Apple មិនទាន់បានយកបច្ចេកវិទ្យា Face ID ទៅបំពាក់នៅលើកុំព្យូទ័រ Mac របស់ខ្លួន នៅឡើយនោះទេ។ ហេតុដូច្នេះហើយ មនុស្សមួយចំនួនចង់ដឹងថា តើពេលណាទៅទើប Apple សម្រេចចិត្តបំពាក់បច្ចេកវិទ្យា Face ID នៅលើកុំព្យូទ័រ Mac របស់ខ្លួន។

សម្រាប់សំនួរខាងលើ ខ្ញុំជឿថា គ្មាននរណាម្នាក់អាចឆ្លើយបានច្បាស់លាស់ក្រៅពី Apple ខ្លួនគេផ្ទាល់នោះទេ។ យ៉ាងណាមិញ តាមរយៈគេហទំព័រ MacRumors យើងទទួលបានរបាយការណ៍ថ្មីមួយ រាយការណ៍ដោយអ្នកចែកចាយព័ត៌មានបែកធ្លាយល្បីឈ្មោះ Mark Gurman បានបង្ហាញឲ្យយើងដឹងថា Apple អាចនឹងបំពាក់បច្ចេកវិទ្យា Face ID នៅលើកុំព្យូទ័រ Mac របស់ខ្លួន ក្នុងអំឡុងពេល 2 ទៅ 3 ឆ្នាំ ខាងមុខទៀត។ យោងទៅតាមការលើកឡើងរបស់លោក Mark Gurman ដដែល ក៏បានបង្ហាញឲ្យយើងបានដឹងផងដែរថា ដើមឡើយ Apple មានគម្រោងបំពាក់បច្ចេកវិទ្យា Face ID នៅលើកុំព្យូទ័រលើតុ iMac ទំហំ 24 អ៊ីញ ដែលបានប្រកាសចេញកាលពីខែមេសា ឆ្នាំ 2021 កន្លងទៅ ប៉ុន្តែដោយសារតែមានបញ្ហាមួយចំនួន ទើបធ្វើឲ្យ Apple សម្រេចចិត្តមិនបំពាក់វិញ។

លោក Mark Gurman ក៏បានបន្ថែមទៀតថា អេក្រង់របស់កុំព្យូទ័រ Mac មានកម្រាស់ស្តើងជាង iPhone និង iPad ច្រើន ហេតុដូច្នេះហើយ Apple ពិបាករកកន្លែងសម្រាប់បំពាក់សេនស័រសំខាន់ៗដែលបច្ចេកវិទ្យា Face ID ត្រូវការណាស់។ ក្រៅពីកុំព្យូទ័រ Mac ហើយ Apple ក៏មានគម្រោងយកបច្ចេកវិទ្យា Face ID ទៅបំពាក់នៅលើ iPhone និង iPad លំដាប់កណ្តាល ក៏ដូចជាលំដាប់ថវិកាផងដែរ នេះបើផ្អែកទៅតាមការលើកឡើងរបស់ប្រភពដដែល។

ប្រភព ៖ MacRumors
អត្ថបទទាក់ទង