ព្រឹត្តិការណ៍ប្រកាសចេញ iPhone 13 series ឆ្នាំនេះ ទំនងជានឹងមិនខុសគ្នាពីឆ្នាំ 2020 ទេ
ដោយ​ ៖ សាន់នី | 1 ខែមុន SHARE

 

កាលពីចុងឆ្នាំ 2020 កន្លងទៅ អ្នកតាមដានទាំងអស់គ្នា ប្រាកដជាបានដឹងហើយថា ព្រឹត្តិការណ៍ប្រកាសចេញ iPhone 12 Series គឺត្រូវបានរៀបចំឡើងជាលក្ខណៈ Online ដោយមិនតម្រូវឲ្យមានមនុស្សចូលរួមនោះទេ ព្រោះមូលហេតុធំចំបង ពាក់ព័ន្ធនឹងបញ្ហាជំងឺកូវីដ-19 ហ្នឹងតែម្តង។ យ៉ាងណា ការប្រកាសជាលក្ខណៈបែបនេះ ក៏មើលទៅប្លែកម្យ៉ាងដែរ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺថែមទៀត ប៉ុន្តែវាក៏មើលទៅរាងបាត់រសជាតិនៃការទស្សនា ដែលយើងធ្លាប់បានឃើញរាល់ឆ្នាំ កន្លងទៅមុនៗដែរ។

ជាក់ស្តែង ប្រហែលមួយសប្តាហ៍មុននេះ មានដំណឹងមួយ ត្រូវបានគេរាយការណ៍ថា ក្រុមហ៊ុន Apple នឹងធ្វើការពន្យាពេលដល់បុគ្គលិកខ្លួន ក្នុងការវិលត្រឡប់មកធ្វើការងារដោយផ្ទាល់វិញ មួយខែបន្ទាប់ទៀត ដោយសារតែការកើនឡើងនៃជំងឺ COVID-19 ។ ក្នុងមូលហេតុនេះដែរ គេបានរំពឹងទុកមុនថា វាអាចនឹងជះឥទ្ធិពល ដល់ផែនការរបស់ Apple សម្រាប់ការប្រកាសចេញទូរសព្ទ iPhone 13 Series ដែលត្រៀមនឹងបង្ហាញជាផ្លូវការ នៅក្នុងខែកញ្ញាខាងមុខនេះ។ ហើយថ្មីៗនេះ លោក Mark Gurman មកពីខាង Bloomberg ក៏បានរាយការណ៍បន្ថែមថាព្រឹត្តិការណ៍ iPhone 13 series ក្នុងឆ្នាំ 2021 នេះ ទំនងជានឹងមិនខុសគ្នា ពីឆ្នាំ 2020 នោះទេ ដែលមានន័យថា ព្រឹត្តិការណ៍ប្រកាសចេញ iPhone 12 Series នឹងធ្វើឡើងជាបទបង្ហាញលក្ខណៈ Online ដូចឆ្នាំមុនដដែរ មិនមានមនុស្សមកចូលរួម ដើម្បីបង្ហាញផ្ទាល់ឡើយ។ វាជាការពិតណាស់ បើបុគ្គលិកត្រូវបានពន្យាពេល និងត្រូវចូលមកធ្វើការវិញ នៅដល់ខែកញ្ញានោះ ព្រឹត្តិការជួបគ្នាដោយផ្ទាល់ ក៏រៀបចំមិនទាន់ដែរ ដូច្នេះ ភាគរយខ្ពស់នៃការប្រកាសចេញ iPhone 13 Series ឆ្នាំនេះ គឺនឹងត្រូវពន្យាពេល និងរៀបចំដូចកាលប្រកាសចេញ iPhone 12 Series អ៊ីចឹងដែរ។ 

យ៉ាងណាក៏ដោយ ក្នងស្ថានភាពពេលនេះ ការរៀបចំព្រឹត្តិការណ៍លក្ខណៈ Online វាអាចនឹងល្អ សម្រាប់ការបង្ការមួយនេះ ជាជាងការអនុញ្ញាត ឲ្យមនុស្សជាច្រើន មកចូលរួមដោយផ្ទាល់ ព្រោះហានិភ័យនៃជំងឺ COVID-19 អាចនឹងកើតមាន ក៏ថាបាន។ សូមបញ្ជាក់ថា លក្ខណៈសម្បត្តិលេចធ្លាយពី iPhone 13 Series អ្នកទាំងអស់គ្នា ប្រាកដជាបានដឹងខ្លះៗហើយ តែក៏នឹងនៅមានបន្តទៀត ទម្រាំថ្ងៃប្រកាសចេញជាផ្លូវការមកដល់ ដូច្នេះ កុំភ្លេចតាមដានព័ត៌មានពី ខេមបូ រីផត។

 

ប្រភព ៖ iPhoneHacksp
អត្ថបទទាក់ទង