រូបភាពបែកធ្លាយបង្ហាញថា នាឡិកាឆ្លាតវៃ OPPO Watch 2 អាចធ្វើការខលចេញចូលបានតាមរយៈ eSIM
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

កាលពីសប្តាហ៍មុន តាមរយៈគណនីបណ្តាញសង្គម Weibo របស់ខ្លួន OPPO បានបង្ហោះរូបភាព Posterចំនួន 2 ដែលបញ្ជាក់ឲ្យយើងដឹងថា នាឡិកាឆ្លាតវៃ OPPO Watch 2 នឹងត្រូវប្រកាសចេញជាផ្លូវការ នៅថ្ងៃទី 27 ខែកក្កដា ឆ្នាំ 2021 នេះ តែម្តង។ ទល់មកដល់ពេលនេះ OPPO មិនទាន់បានបង្ហាញឲ្យយើងបានដឹងពីរចនាបថរូបរាង ក៏ដូចជាលក្ខណៈសម្បត្តិរបស់នាឡិកាឆ្លាតវៃ OPPO Watch 2 នៅឡើយនោះទេ។

យ៉ាងណាមិញ នៅក្នុងថ្ងៃនេះ តាមរយៈគណនីបណ្តាញសង្គម Twitter របស់អ្នកចែកចាយព័ត៌មានបែកធ្លាយល្បីឈ្មោះ Evan Blass យើងបានប្រទះឃើញរូបភាព Poster ជាច្រើនសន្លឹក ដែលបង្ហាញពីរចនាបថរូបរាងរបស់ OPPO Watch 2 យ៉ាងច្បាស់តែម្តង។ យោងទៅតាមរូបភាព Poster បែកធ្លាយ បានបង្ហាញឲ្យយើងដឹងថា OPPO Watch 2 នឹងបំពាក់មកជាមួយអេក្រង់ 3D Flexible Hyperboloid ក៏ដូចប្រើខ្សែជាប្រភេទជ័រផងដែរ។ មិនទាន់អស់នោះទេ តាមរយៈរូបភាព Poster ដដែល ក៏បានបង្ហាញឲ្យយើងបានដឹងបន្ថែមទៀតថា OPPO Watch 2 អាចធ្វើការខលចេញចូលបានតាមរយៈ eSIM ផងដែរ។ សម្រាប់ទីផ្សារសកលវិញ យើងមិនទាន់ដឹងច្បាស់ថា OPPO Watch 2 នឹងមានជម្រើស eSIM ដូចទៅនឹងទីផ្សារប្រទេសចិន ឬក៏យ៉ាងណានៅឡើយនោះទេ។

តាមរយៈដំណឹងបែកធ្លាយ ដែលទទួលបានកន្លងមក បានបង្ហាញឲ្យយើងដឹងថា OPPO Watch 2 អាចនឹងបង្ហាញខ្លួនមកជាមួយជម្រើសតួខ្លួន 42mm និង 46mm ក៏ដូចជាបន្ទះឈីប Snapdragon Wear 4100 អមមកជាមួយបន្ទះឈីប Apollo4s ថែមទៀតផង។ ជាងនេះទៅទៀត OPPO Watch 2 ក៏អាចនឹងភ្ជាប់មកជាមួយអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 16GB គាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន Watch VOOC Flash Charging ក៏ដូចជាជម្រើសពណ៌ជាច្រើនដូចជា Mine Shaft, Gold Sand, Water Leaf និង Matisse ជាដើម។

ប្រភព ៖ Evan Blass
អត្ថបទទាក់ទង