Apple កំពុងធ្វើការទៅលើម៉ូនីទ័រថ្មីមួយ ដែលមានបំពាក់មកស្រាប់ជាមួយឈីប A13 ទៀតផង
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

សព្វថ្ងៃនេះ Apple មានម៉ូនីទ័រមួយម៉ូឌែល ដែលកំពុងតែដាក់លក់លើទីផ្សារជាមួយតម្លៃចាប់ផ្តើមឡើងពី 4,999 ដុល្លារឯណោះ នោះគឺជា Pro XDR Display នេះឯង ហើយសូម្បីតែជើងបញ្ឈររបស់ម៉ូនីទ័រមួយនេះ ក៏មានតម្លៃដល់ទៅ 999 ដុល្លារទៀតផង។ ចំណែកឯពេលនេះវិញ យើងទទួលបានដំណឹងចេញមកថា Apple កំពុងតែធ្វើការទៅលើម៉ូនីទ័រថ្មីមួយទៀត ដែលមានបំពាក់ឈីបត្រកូល A របស់គេនៅក្នុងនោះ។

បើតាមការរាយការណ៍ចេញពីសំណាក់ 9To5Mac កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា Apple កំពុងតែធ្វើការទៅលើម៉ូនីទ័រថ្មីមួយ ដែលមានដាក់បញ្ចូលជាមួយឈីប A13 ព្រមទាំង Neural Engine មកក្នុងនោះស្រាប់តែម្ដង។ នៅក្នុងការបំពាក់ឈីប A13 ដែលធ្លាប់មានលើ iPhone 11 ទៅឲ្យម៉ូនីទ័រដែលគេកំពុងសិក្សានោះដែរ គឺអាចឲ្យម៉ូនីទ័រនោះ ដំណើរការទៅលើក្រាហ្វិកដែលមានកម្រិត Resolution ខ្ពស់បាន ដោយមិនត្រូវការប្រើប្រាស់ឈីប ដែលមានបំពាក់ក្នុងកុំព្យូទ័រឡើយ ព្រោះថាឈីប A13 នោះ នឹងរ៉ាប់រងជំនួសវិញ។ 

មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ការបន្ថែមជាមួយ Neural Engine គឺសម្រាប់ឲ្យវាដំណើរការលើ Task ផ្សេងៗទាក់ទងនឹងផ្នែក AI ថែមទៀតផង។ ប្រភពខាងលើជឿជាក់ថា ម៉ូនីទ័រថ្មីដែលមានបំពាក់ឈីប A13 នោះ នឹងក្លាយជាម៉ូឌែល ចូលមកបន្តតំណែងរបស់ Pro XDR Display ដែលត្រូវបានប្រកាសចេញដំបូងក្នុងឆ្នាំ 2019 នោះឯង។

បន្ថែមពីនេះ គេក៏បានដឹងទៀតថា Apple ក៏កំពុងតែសិក្សាលើម៉ូនីទ័រមួយផ្សេងទៀតដូចគ្នាដែរ ដោយវាជាប្រភេទម៉ូនីទ័រ ដែលនឹងត្រូវបានគេដាក់លក់ទន្ទឹមគ្នាជាមួយ Pro Display XDR ជំនាន់ថ្មី ប៉ុន្តែស្ថិតក្នុងតម្លៃទាបជាង ហើយម៉ូនីទ័រនោះដែរ មិនមែនជាម៉ូឌែលដែលបំពាក់ជាមួយឈីប A13 ខាងលើឡើយ។ 

យ៉ាងណាក៏ដោយ នៅក្នុងពេលនេះ ដំណឹងទាក់ទងនឹង Pro Display XDR ជំនាន់ថ្មីដែលមានភ្ជាប់មកជាមួយឈីប A13 ព្រមទាំង Neural Engine នោះ មានលក្ខណៈស្រពិចស្រពិលជាច្រើនផ្នែកនៅឡើយ ដូច្នេះហើយមានតែរង់ចាំមើលដំណឹងលើកក្រោយៗទៀត ដើម្បីបញ្ជាក់បន្ថែមឲ្យកាន់តែច្បាស់។

ប្រភព ៖ 9To5Mac
អត្ថបទទាក់ទង