អ្នកវិភាគល្បីឈ្មោះបញ្ជាក់យ៉ាងច្បាស់ថា iPad mini 6 នឹងមិនបំពាក់មកជាមួយអេក្រង់ mini-LED នោះទេ
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

កាលពីម្សិលមិញ សារព័ត៌មាន DigiTimes បានរាយការណ៍មកថា iPad mini 6 នឹងបំពាក់មកជាមួយអេក្រង់ mini-LED ដូចទៅនឹង iPad Pro 12.9 អ៊ីញ ឆ្នាំ 2021 អញ្ចឹងដែរ។ យ៉ាងណាមិញ នៅក្នុងថ្ងៃនេះ តាមរយៈគណនីបណ្តាញសង្គម Twitter របស់ខ្លួន អ្នកវិភាគល្បីឈ្មោះខាងអេក្រង់ Ross Young បានបញ្ជាក់យ៉ាងច្បាស់ថា iPad mini 6 នឹងមិនបំពាក់មកជាមួយអេក្រង់ mini-LED ដូចការលើកឡើងរបស់ DigiTimes នោះទេ។

មិនខុសនោះទេ ដើម្បីដឹងឲ្យកាន់តែច្បាស់ លោក Ross Young បានទាក់ទងទៅ Radiant Opto-Electronics ជាក្រុមហ៊ុនដែល DigiTimes បានអះអាងថា នឹងផ្គត់ផ្គង់អេក្រង់ mini-LED ទៅឲ្យ Apple ដើម្បីបំពាក់នៅលើ iPad mini 6។ ជាលទ្ធផល Radiant Opto-Electronics បានបញ្ជាក់ប្រាប់លោក Ross Young វិញថា អ្វីដែល DigiTimes លើកឡើងមិនត្រឹមត្រូវនោះទេ។ ជាធម្មតាដៃគូផ្គង់ផ្គង់គ្រឿងបង្គំទៅឲ្យ Apple ភាគច្រើន ព្យាយាមលាក់បាំងព័ត៌មានសំខាន់ៗ ទៅតាមអ្វីដែលពួកគេអាចធ្វើបាន ហេតុដូច្នេះហើយ ព័ត៌មានបែកធ្លាយមួយចំនួនដែលទទួលបាន អាចនឹងមានភាពចម្រូងចម្រាសរវាងប្រភពមួយ និងប្រភពមួយផ្សេងទៀត។

ជាក់ស្តែង តាមរយៈព័ត៌មានជាច្រើន ដែលទទួលបានកន្លងមក បានបង្ហាញឲ្យយើងដឹងថា iPad mini 6 អាចនឹងបង្ហាញខ្លួនមកជាមួយបន្ទះឈីប A14។ ដោយឡែក កាលពីពេលថ្មីៗនេះ សារព័ត៌មាន 9to5Mac បានរាយការណ៍មកថា ប្រភពផ្ទៃក្នុងរបស់ពួកគេបានបញ្ជាក់ថា iPad mini 6 នឹងប្រើប្រាស់បន្ទះឈីបលំដាប់កំពូល A15 ដែលនឹងត្រូវយកទៅបំពាក់នៅលើ iPhone 13 Series ទៅវិញ។ ថ្វីត្បិតតែ iPad mini 6 អាចនឹងមិនបំពាក់មកជាមួយអេក្រង់ mini-LED ក៏ពិតមែន ប៉ុន្តែ iPad mini 6 ជាមួយរចនាបថរូបរាងថ្មី អាចនឹងត្រូវប្រកាសចេញជាផ្លូវការ នៅក្នុងអំឡុងឆ្នាំ 2021 ដដែល។

ប្រភព ៖ Ross Young
អត្ថបទទាក់ទង