វីដេអូដោះគ្រឿង Apple MagSafe Battery Pack បង្ហាញថា វាមានថាមពលសរុប 1,460mAh មែន
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

កាលពីក្នុងសប្តាហ៍មុន យើងបានឃើញហើយថា Apple បានប្រកាសចេញ Power Bank មួយ ត្រូវបានគេហៅថា MagSafe Battery Pack ដោយវាអាចភ្ជាប់ និងសាកថ្មទៅកាន់ iPhone 12 Series បានតាមរយៈមុខងារសាកឥតខ្សែ MagSafe ហ្នឹងឯង។ ចំណុចដែលមានអ្នកចាប់អារម្មណ៍វែកញែកច្រើនលើ Power Bank របស់ Apple នោះ គឺថាវាមានបំពាក់ជាមួយថាមពលថ្មតូចត្រឹម 1,460mAh ប៉ុណ្ណោះ ប៉ុន្តែត្រូវបាន Apple ដាក់លក់ក្នុងតម្លៃដល់ទៅ 99 ដុល្លារឯណោះ ដែលតម្លៃនេះអាចទិញ Power Bank របស់ក្រុមហ៊ុនទី 3 បាន ជាមួយថាមពលធំ និងសាកបានលឿនជាងនោះទៅទៀត។

ដោយឡែកពេលនេះ យើងមកមើលវីដេអូដោះគ្រឿងរបស់ MagSafe Battery Pack ខាងលើវិញម្ដង ដើម្បីឲ្យដឹងពីថាមពលលម្អិតពិតប្រាកដរបស់វា។ មិនខុសទេ បើតាមវីដេអូដែលគេដោះគ្រឿងនោះ គឺបានបញ្ជាក់មកថា MagSafe Battery Pack ពិតជាមានថាមពលថ្មសរុប 1,460mAh ដូចការបង្ហាញរបស់ Apple ពិតមែន ហើយដើម្បីទទួលបានលទ្ធផលសរុបបែបនេះដែរ Apple បានប្រើប្រាស់ថ្មចំនួនពីដុំ ឬពីរផ្នែក ដោយថ្មម្ខាងមានថាមពល 5.733Wh ដូចគ្នា រីឯតង់ស្យុងដែលប្រើប្រាស់សរុបវិញគឺ 7.62V។ 

នៅក្នុងវីដេអូនេះ ក៏បាននិយាយលម្អិតពីចំណុចសំខាន់ៗជាច្រើន ដែល Apple បានធ្វើក្នុង MagSafe Battery Pack របស់ខ្លួន ជាក់ស្ដែងគេបានបង្ហាញពីបន្ទះសៀគ្វី ក៏ដូចជាដំណោះស្រាយដែល Apple ធ្វើ ដើម្បីកាត់បន្ថយកម្តៅលើ Power Bank នោះជាដើម។

សូមបញ្ជាក់ថា MagSafe Battery Pack អាចសាកថ្មបញ្ចូលថាមពលទៅឲ្យ iPhone 12 Series ជាមួយល្បឿនត្រឹម 5W ប៉ុណ្ណោះ ប៉ុន្តែពេលដែលវាត្រូវបានភ្ជាប់ទៅកាន់ប្រភពអគ្គិសនី តាមរយៈខ្សែ Lightning និងឆ្នាំងសាកកម្លាំង 20W ឡើងទៅ វាមានសមត្ថភាពអាចសាកបញ្ចូលថាលពលទៅឲ្យ iPhone 12 Series បាន 15W ផងដែរ។ 

និយាយរួមមកវិញ បើអ្នកទាំងអស់ចង់ដឹងច្បាស់ពីចំណុចសំខាន់ៗខាងក្នុង MagSafe Battery Pack របស់ Apple អាចទស្សនាវីដេអូខាងលើបន្ថែមបាន។

ប្រភព ៖ Arstechnica
អត្ថបទទាក់ទង