រថយន្ដដ៏កម្រមាន Mercedes-Benz AMG CLK GTR ឆ្នាំ 1998 គ្រោងទុកនឹងដេញថ្លៃបាន 10 លានដុល្លារ
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

កាលពីអំឡុងឆ្នាំ 1997 ក្រុមហ៊ុន Mercedes-Benz អាចសម្រេចបានរថយន្ដប្រណាំង ដែលមានឈ្មោះហៅថា CLK GTR ព្រមទាំងទទួលបានជើងឯក FIA GT ប្រចាំឆ្នាំ 1997 និង 1998 ថែមទៀតផង។ ហេតុដូច្នេះហើយ ឈានចូលមកដល់ឆ្នាំ 1998 ពួកគេក៏បានកែថ្នៃរថយន្ដប្រណាំងនេះ ឲ្យបើកបរលើផ្លូវសាធារណៈដោយស្របច្បាប់បាន និងចាត់ទុកជាម៉ូឌែលជម្រើសជាពិសេសហៅថា The Strassenversion ហើយផលិតឡើងមកតែ 25 គ្រឿងប៉ុណ្ណោះ។ 

នៅពាក់កណ្ដាលខែសីហា ឆ្នាំ 2021 ខាងមុខនេះ រថយន្ដចំនួន 1 គ្រឿងក្នុងចំណោម 25 គ្រឿងនោះ នឹងត្រូវដាក់ឲ្យដេញថ្លៃ រៀបចំដោយក្រុមហ៊ុន Gooding & Company នៅសហរដ្ឋអាមេរិក។ បើយោងតាមការរំពឹងទុក នោះគឺថារថយន្ដ Mercedes-Benz AMG CLK GTR Strassenversion ស៊េរីឆ្នាំ 1998 នេះ នឹងអាចដេញថ្លៃបានចាប់ពីចន្លោះ 8.5 លានដុល្លារ ដល់ 10 លានដុល្លារឯណោះ។ ទោះបីជាវាមានអាយុកាលដល់ទៅ 23 ឆ្នាំហើយក្ដី ប៉ុន្ដែវាធ្លាប់ប្ដូរម្ចាស់តែប៉ុន្មានដង និងបើកបរបានចម្ងាយ 1,442 គីឡូម៉ែត្រប៉ុណ្ណោះ។

ចំពោះតម្លៃដេញបានថ្លៃបែបនោះ មិនមែនដោយសារតែ វាកម្រមានមួយមុខនោះទេ ដោយឡែក ក៏ព្រោះតែវាត្រូវបានថែរក្សាបាននៅស្អាត, រក្សាគ្រឿងនៅដូចដើមទាំងអស់ និងគ្មានការដោះដូរថ្មីសោះឡើយ។ អ្នកទាំងអស់គ្នាអាចត្រួតពិនិត្យមើល រូបភាពខាងក្រោមនេះបាន ដោយដាក់បង្ហាញពីផ្នែកខាងក្នុង នៅថែរក្សាបានថ្មីគ្រាន់បើ បើប្រៀបធៀបទៅនឹង អាយុកាលរបស់វា។

រថយន្ដនេះមានសមត្ថភាពបើកបរនៅក្នុងល្បឿនកំពូល 344km/h និងអាចជាន់ពីល្បឿន 0km/h ដល់ 99km/h ចំណាយរយៈពេលត្រឹមតែ 3.8 វិនាទីនោះទេ។ យើងដឹងថាវាមានម៉ាស៊ីន 6.9-liter V-12 មានស៊ីឡាំងចំនួន 6 ទទួលបានកម្លាំងសេះ 604hp ជាមួយកម្លាំងបង្វិលកង់ 572ft lbs of Torque ផងដែរ។

បើសិនជាអ្នកទាំងអស់គ្នា មានចំណាប់អារម្មណ៍លើរថយន្ដមួយនេះ គឺអាចរង់ចាំតាមដានលទ្ធផល ក្រោយថ្ងៃដេញថ្លៃ តាមរយៈវេបសាយរបស់ Gooding & Company ដែលត្រូវនឹងថ្ងៃទី 13-14 ខែសីហា ឆ្នាំ 2021 ខាងមុខនេះ។

ប្រភព ៖ Robb Report
អត្ថបទទាក់ទង