AirPods ជំនាន់ទី 3 ទំនងជានឹងត្រូវប្រកាសចេញដំណាលគ្នាជាមួយ iPhone 13 Series នៅក្នុងខែកញ្ញា ឆ្នាំ 2021
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

បន្ទាប់ពីស្ងាត់ដំណឹងទាក់ទងទៅនឹង កាសឥតខ្សែ AirPods ជំនាន់ទី 3 របស់ Apple មួយរយៈរួចមក នៅក្នុងថ្ងៃនេះ តាមរយៈគេហទំព័រ MacRumor យើងទទួលបានរបាយការណ៍ថ្មីមួយផ្សេងទៀត រាយការណ៍ដោយសារព័ត៌មាន DigiTimes បានបង្ហាញឲ្យយើងដឹងថា កាសឥតខ្សែ AirPods ជំនាន់ទី 3 របស់ Apple ទំនងជានឹងត្រូវប្រកាសចេញជាផ្លូវការ ដំណាលគ្នាជាមួយ iPhone 13 Series នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ 2021 ខាងមុខ។

តាមរយៈប្រភពខាងលើដដែល ក៏បានបង្ហាញឲ្យយើងដឹងផងដែរថា AirPods ជំនាន់ទី 3 អាចនឹងត្រូវចាប់ផ្តើមផលិត នៅក្នុងអំឡុងខែសីហា ឆ្នាំ 2021 ខាងមុខ។ មិនទាន់អស់នោះទេ យោងទៅតាមរូបភាពបែកធ្លាយកន្លងមក បានធ្វើឲ្យយើងដឹងបន្ថែមទៀតថា AirPods ជំនាន់ទី 3 អាចនឹងទទួលបានរូបរាងថ្មី ខុសប្លែកពីជំនាន់មុនរបស់វា គួរឲ្យកត់សម្គាល់។ ដោយរចនាបថរបស់ AirPods ជំនាន់ទី 3 អាចនឹងមានលក្ខណៈស្រដៀងគ្នាទៅនឹង AirPods Pro អញ្ចឹងដែរ។ ក្រៅពីកាសទាំងសងខាងហើយ ប្រអប់ទុកសម្រាប់ដាក់កាស និងសាកបញ្ចូលថ្មរបស់ AirPods ជំនាន់ទី 3 ក៏អាចនឹងមានលក្ខណៈស្រដៀងគ្នាទៅនឹង AirPods Pro ផងដែរ។

ថ្វីត្បិតតែ AirPods ជំនាន់ទី 3 អាចនឹងមានរូបរាងស្រដៀងគ្នាទៅនឹង AirPod Pro ក៏ពិតមែន ប៉ុន្តែវាអាចនឹងមិនភ្ជាប់មកជាមួយមុខងារទប់សម្លេងរំខាន (Active Noise Cancelling) និងមុខងារបើកសំឡេងពីខាងក្រៅឲ្យរត់ចូលទៅក្នុងកាស (Transparency) នោះទេ។ ទន្ទឹមគ្នានេះ វាក៏ត្រូវបានគេរំពឹងថា នឹងមានតម្លៃថោកជាង AirPods Pro ផងដែរ។ ដោយ AirPods ជំនាន់ទី 3 អាចនឹងត្រូវដាក់លក់ក្នុងតម្លៃចន្លោះពី 150 និង 200 ដុល្លារ។

ប្រភព ៖ MacRumors
អត្ថបទទាក់ទង