រូបភាពមីលគីវ៉េមួយសន្លឹកនេះ ថតបានដោយប្រើប្រាស់កាមេរ៉ារបស់ iPhone
ដោយ​ ៖ ឡេង | 3 ខែមុន SHARE

 

មីលគីវ៉េ ជាប្រភេទកាឡាក់ស៊ី ដែលមានរាងស្រដៀងគូថខ្យង ហើយជាទីតាំងប្រព័ន្ធព្រះអាទិត្យស្ថិតនៅផងដែរ ដោយវាពិតជាមានទំហំធំមែនទែន។ ថ្មីៗនេះលោក Tom Kerss ត្រូវជាតារាវិទូ និងជាអ្នកនិពន្ធម្នាក់ បានប្រើប្រាស់កាមេរ៉ា iPhone 12 Pro Max របស់គាត់ ដើម្បីយកទៅថតមីលគីវ៉េបាន ស្ទើរតែមិនគួរឲ្យជឿឡើយ។

សូម្បីតែគាត់ខ្លួនឯង ក៏នឹកស្មានមិនដល់ដូចគ្នា ហើយមានភាពភ្ញាក់ផ្អើល នៅពេលដែលចេញលទ្ធផលមក ល្អជាងការរំពឹងទុករបស់គាត់ទៅទៀត។ បើតាមរយៈការបង្ហោះនៅលើគណនី Twitter របស់លោក Tom Kerss បានលើកឡើងមកថា គាត់កំណត់ដាក់មុខងារ “ProRAW” ថតនៅកម្រិត 12-Bit DNG ទើបអាចទទួលបានរូបភាពមួយសន្លឹកនេះ។

ជាការពិតណាស់ ទោះបីជា iPhone ស៊េរីចុងក្រោយនេះ អាចមានសមត្ថភាពថតបានមែន ប៉ុន្ដែតារាវិទូម្នាក់នេះ ក៏បានបញ្ជាក់ប្រាប់ថា វាមិនទាន់ល្អឥតខ្ចោះនោះទេ ព្រោះតែទូរសព្ទឆ្លាតមាន សេនស័រកាមេរ៉ាទំហំតូច។ កាលពីមុនៗមក យើងក៏ឃើញមានទូរសព្ទឆ្លាតប្រភេទ Android អាចធ្វើការថតមីលគីវ៉េបានដូចគ្នា ជាពិសេសមុខងារ Astrophotography Mode នៅលើត្រកូល Google Pixel ជាដើម។

ប្រសិនបើអ្នកទាំងអស់គ្នា កំពុងតែប្រើប្រាស់ម៉ូឌែល iPhone 12 Pro Max ប៉ុន្ដែមិនធ្លាប់បើកមុខងារ ProRAW នៅឡើយទេ ដូច្នេះអាចទាញមកសាកល្បងថតមើល ក៏ដូចជាកែច្នៃ (Edit) ក្រោយពីពេលដែលថតហើយបាន។ តើយល់ឃើញយ៉ាងណាដែរ ចំពោះរូបភាពមីលគីវ៉េថតចេញពី iPhone 12 Pro Max មួយសន្លឹកនេះ?

ប្រភព ៖ Tom Kerss
អត្ថបទទាក់ទង