Mercedes-Benz នឹងផ្លាស់ប្តូរទៅផលិតរថយន្តអគ្គិសនីទាំងស្រុង ចាប់ពីចុងទសវត្សរ៍នេះទៅ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

Mercedes-Benz ជាយីហោរថយន្តប្រណីតដ៏ល្បីល្បាញមួយលើទីផ្សារ ហើយគិតមកទល់ពេលនេះ គេក៏បានបញ្ចេញរថយន្តអគ្គិសនីពេញលេញ ដាក់លក់ទៅកាន់តែទីផ្សារជាច្រើនម៉ូឌែលរួចមកហើយដែរ ប៉ុន្តែក្នុងនោះគេក៏នៅតែបន្តការផលិតរថយន្តប្រើឥន្ធនៈបន្ថែមទៀតដូចគ្នា។ ដោយឡែកកាលពីពេលថ្មីៗនេះវិញ Mercedes-Benz បានបង្ហាញជាផ្លូវការនូវជំហានបន្ទាប់ទៀតរបស់គេ នោះគឺជាការគ្រោងនឹងផលិតរថយន្តអគ្គិសនីគ្រប់ម៉ូឌែលទាំងអស់ ដើម្បីវាយលុកទីផ្សារនាពេលអនាគត។

ជាការពិតណាស់ បើតាមការបង្ហាញចេញពីសំណាក់ Mercedes-Benz ថ្មីៗកន្លងទៅនេះ បានបង្ហាញឲ្យដឹងពីគម្រោងសម្រាប់រថយន្តអគ្គិសនី តាមដំណាក់កាលនីមួយៗរបស់គេជាសាធារណៈ ដោយក្នុងនោះបញ្ជាក់ថា ក្រុមហ៊ុនរបស់គេ នឹងបញ្ចេញរថយន្តអគ្គិសនីពេញលេញ ឲ្យបានគ្រប់ផ្នែកទាំងអស់ ចាប់ពីឆ្នាំ 2022 ខាងមុខនេះទៅ។ បន្ទាប់ពីនោះមក គេនឹងចាប់ផ្តើមអនុវត្តទៅលើផែនការថ្មី Electric-Only ចាប់ពីឆ្នាំ 2025 ខាងមុខទៅ មានន័យថា គម្រោងក្នុងការផលិតរថយន្តអគ្គិសនីទាំងស្រុង មិនថារថយន្តម៉ូឌែលណាមួយរបស់គេនោះទេ នឹងត្រូវចាប់ផ្តើមពីឆ្នាំ 2025។ ក្រោយពីចាប់ផ្តើមផែនការថ្មីនោះ Mercedes ជឿជាក់ថា រថយន្តទាំងអស់ដែលនឹងចេញពីរោងចក្ររបស់ខ្លួន នៅចុងទសវត្សនេះ ឬនៅឆ្នាំ 2030 នឹងមានតែរថយន្តប្រភេទអគ្គិសនីមួយប៉ុណ្ណោះ។

ដើម្បីប្រាកដថានឹងសម្រេចតាមផែនការរបស់គេនោះ Mercedes-Benz នឹងធ្វើការចំណាយដើមទុនប្រមាណជាជាង 40 ពាន់លានដុល្លារ នៅក្នុងចន្លោះឆ្នាំពី 2022 ដល់ 2030 ដើម្បីធ្វើការអភិវឌ្ឍន៍បន្ថែមផ្នែកអាគុយ ឬថ្ម សម្រាប់បំពាក់លើរថយន្តនាពេលអនាគតរបស់ខ្លួន។ 

បន្ថែមពីនោះ ក្រុមហ៊ុនខាងលើក៏បានបង្ហើបថា នៅក្នុងខ្សែស្រឡាយរថយន្តអគ្គិសនីក្នុងឆ្នាំ 2025 គេនឹងបញ្ចេញម៉ូឌែលថ្មីចំនួន 3 ដែលធ្វើឡើងផ្អែកតាមខ្សែស្រឡាយរថយន្តប្រណីតរបស់ខ្លួនបច្ចុប្បន្ននេះ ដែលក្នុងនោះរួមមានម៉ូឌែល MB.EA ជាប្រភេទរថយន្តប្រណីត ផ្តោតលើអ្នកដំណើរអង្គុយខាងក្រោយ, AMG.EA ជារថយន្ត Performance ល្បឿនលឿន និងចុងក្រោយគឺ VAN.EA ជាប្រភេទរថយន្តដឹកអ្នកដំណើរបែប Business ដូច Mercedes-Benz Vans សព្វថ្ងៃអញ្ចឹងដែរ។

ប្រភព ៖ Engadget
អត្ថបទទាក់ទង