iPad mini 6 អាចនឹងបំពាក់មកជាមួយអេក្រង់ mini-LED ដូចទៅនឹង iPad Pro 12.9 អ៊ីញ ឆ្នាំ 2021 អញ្ចឹងដែរ
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

តាមរយៈរបាយការណ៍ជាច្រើន ដែលទទួលបានកន្លងមក បានបង្ហាញឲ្យយើងដឹងថា Apple អាចនឹងប្រកាសចេញ iPad mini ជំនាន់ថ្មី ឬមនុស្សភាគច្រើនហៅថា iPad mini 6 នៅក្នុងអំឡុងឆ្នាំ 2021 នេះតែម្តង។ ពាក់ព័ន្ធទៅនឹង iPad mini 6 នេះដែរ កាលពីម្សិលមិញ មានគេរាយការណ៍មកថា iPad mini 6 នឹងភ្ជាប់មកជាមួយរន្ធ USB-C និង Smart Connector ក៏ដូចជាបន្ទះឈីបលំដាប់កំពូល A15 ទំហំ 5nm ផងដែរ។

ដោយឡែក នៅក្នុងថ្ងៃនេះ តាមរយៈគេហទំព័រ MacRumor យើងទទួលបានរបាយការណ៍ថ្មីមួយផ្សេងទៀត រាយការណ៍ដោយសារព័ត៌មាន DigiTimes បានបង្ហាញឲ្យយើងដឹងបន្ថែមទៀតថា អាចនឹងបំពាក់មកជាមួយអេក្រង់ mini-LED ដូចទៅនឹង iPad Pro 12.9 អ៊ីញ ឆ្នាំ 2021 អញ្ចឹងដែរ។ អញ្ចឹងបើការលើកឡើងរបស់ DigiTimes ក្លាយទៅជាការពិតមែននោះ មានន័យថា iPad mini 6 នឹងក្លាយទៅជា iPad ទី 2 របស់ Apple ដែលបំពាក់មកជាមួយអេក្រង់ mini LED។ ជាមួយគ្នានេះ ក៏មានន័យថា អេក្រង់របស់ iPad mini នឹងអាចបង្ហាញពណ៌បានច្បាស់ និងមានកម្រិតពន្លឺខ្ពស់ ក៏ដូចជាមានទឹកខ្មៅដិតជាង iPad Pro 11 អ៊ីញ ឆ្នាំ 2021 ទៅទៀត។

ក្រៅពីរន្ធ USB-C, Smart Connector, បន្ទះឈីប A15 និងអេក្រង់ mini-LED ហើយ iPad mini 6 ក៏ត្រូវបានប្រភពល្បីៗជាច្រើនបញ្ជាក់ថា នឹងបង្ហាញខ្លួនមកជាមួយរចនាបថរូបរាងថ្មី ខុសប្លែកពីជំនាន់មុនរបស់វា ថែមទៀតផង។ ដោយ iPad Mini 6 នឹងបំពាក់មកជាមួយអេក្រង់លាត ទំហំចន្លោះពី 8.5 និង 9 អ៊ីញ មានគែមអេក្រង់ទាំង 4 ជ្រុងស្មើគ្នា ក៏ដូចជាលុបបំបាត់ចោលប៊ូតុង Home ហើយប្រើប្រាស់បច្ចេកវិទ្យា Touch ID បង្កប់ជាប់ជាមួយប៊ូតុង Power ជំនួសវិញ ផងដែរ។

ប្រភព ៖ MacRumors
អត្ថបទទាក់ទង