OnePlus Buds Pro បានបំពាក់មុខងារ Adaptive Noise Cancellation ជាមួយថ្មអាចប្រើបានដល់ 38 ម៉ោង
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

បន្ទាប់ពីបានប្រកាសចេញ OnePlus Nord 2 5G កាលពីយប់មិញនោះ OnePlus ក៏បានប្រកាសចេញកាសជំនាន់ថ្មីរបស់ខ្លួន ចេញមកដូចគ្នាដែរ ដោយត្រូវបានគេហៅថា OnePlus Buds Pro។ កាសឥតខ្សែជំនាន់ថ្មីនេះ ទទួលបានការកែប្រែច្រើនបើធៀបនឹង OnePlus Buds ជំនាន់ដំបូង និយាយឲ្យចំទៅរចនាបថរូបរាងរបស់វាលើកនេះ ស្រដៀងគ្នានឹងទៅនឹងកាស AirPods Pro របស់ Apple ដែរ ប៉ុន្តែប្រអប់របស់វា ត្រូវបានគេឌីហ្សាញម៉ូតបែបជ្រុងសំប៉ែតវិញ ហើយនៅលើកាសទាំងពីរ មានបំពាក់ជាមួយមុខងារសំខាន់ៗបន្ថែមទៀត។

មុខងារសំខាន់បំផុតដែល OnePlus បានបង្ហាញនោះគឺ ទៅលើមុខងារទប់សម្លេងរំខានតែម្ដង ដោយ OnePlus Buds Pro បានបំពាក់មកជាមួយបច្ចេកវិទ្យា Adaptive Noise Cancellation ដែលមានន័យថា វាមាននាទីក្នុងការលុបសម្លេងរំខានចេញ ក៏ដូចជាកែតម្រូវកម្រិតសម្លេងរំខានដោយស្វ័យប្រវត្តិ អាស្រ័យទៅតាមបរិស្ថានជុំវិញខ្លួន របស់អ្នកប្រើប្រាស់តែម្ដង។ មុខងារខាងលើអាចដំណើរការទៅបាន ដោយសារ OnePlus បានបំពាក់ឧបករណ៍ស្រូបសម្លេងដល់ 3 គ្រាប់ នៅលើកាសម្ខាងៗ ហើយឧបករណ៍ស្រូបសម្លេងទាំងនោះ នឹងដំណើរការគ្រប់ពេល ដើម្បីតាមដាន ក៏ដូចជាកាត់សម្លេងរំខានចេញពីការស្ដាប់របស់អ្នកប្រើប្រាស់ បានរហូតដល់កម្រិត 40dB ទៀតផង។ ក្រុមហ៊ុនខាងលើក៏បានបញ្ជាក់ថា OnePlus Buds Pro ក៏អាចគាំទ្រជាមួយបច្ចេកវិទ្យាសម្លេង Dolby Atmos ដូចគ្នាដែរ។

ចំពោះថាមពលថ្មវិញ យើងឃើញថា OnePlus Buds Pro ស្ថិតនៅកម្រិតប្រសើរមែនទែន នេះបើសិនជាពិតដូចការបញ្ជាក់ពីក្រុមហ៊ុនមក ពោលគឺគេអះអាងថា កាសទាំងគូររបស់វា អាចស្ដាប់តន្រ្តីបាន 5 ម៉ោងជាមួយមុខងារ ANC ជាប់ និងអាចឡើងដល់ 7 ម៉ោងបើមិនបើកមុខងារនេះ។ គិតបញ្ចូលទាំងថាមពលថ្មនៅលើប្រអប់របស់វាទៀត គឺវាអាចឲ្យអ្នកប្រើប្រាស់ស្ដាប់តន្រ្តីសរុបបានដល់ទៅ 38 ម៉ោងឯណោះ។ 

មុខងារសាកថ្មល្បឿនលឿន ក៏មានលើកាសជំនាន់ថ្មីខាងលើដែរ ដោយ OnePlus បញ្ជាក់ថាជាមួយមុខងារសាកថ្ម Warp Charge របស់គេ អាចឲ្យអ្នកស្ដាប់តន្រ្តីបានដល់ 10 ម៉ោង ក្នុងការសាកថ្មត្រឹមតែ 10 នាទីប៉ុណ្ណោះ។ វាក៏គាំទ្រជាមួយមុខងារសាកថ្មឥតខ្សែដូចគ្នា តាមរយៈឆ្នាំងសាក Qi Wireless Charger។ ក្រៅពីនេះ OnePlus Buds Pro បានប្រើប្រាស់ Bluetooth 5.2 និងមានមុខងារ Low-Latency Gaming Mode ដូចដែលធ្លាប់មានលើកាសជំនាន់មុនរបស់ OnePlus ដែរ។

សម្រាប់ទីផ្សារអាមេរិក OnePlus នឹងដាក់លក់ចាប់ពីថ្ងៃទី 1 ខែកញ្ញាទៅ ជាមួយតម្លៃខ្ទង់ ៦០ ម៉ឺនរៀល ឬ 150 ដុល្លារ។

ប្រភព ៖ The Verge
អត្ថបទទាក់ទង