ម៉ាស់បន្សុទ្ធខ្យល់ជំនាន់ថ្មីរបស់ LG បានភ្ជាប់មកនូវឧបករណ៍ស្រូបសម្លេង និង Speaker ថែមទៀតផង​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

ប្រមាណជាខ្ទង់ 10 ខែមុន LG បានប្រកាសចេញម៉ាស់បន្សុទ្ធខ្យល់ដំបូងរបស់ខ្លួនចេញមក ដើម្បីឲ្យត្រូវទៅតាមតម្រូវការរបស់មនុស្សជាច្រើនពេលបច្ចុប្បន្ន ក្នុងការការពារមេរោគរាតត្បាត COVID-19 ហ្នឹងឯង ហើយក្រុមហ៊ុនកូរ៉េខាងត្បូងបានដាក់ឈ្មោះឲ្យម៉ាស់នោះថា LG PuriCare Wearable Air Purifier។ បន្ទាប់ពីចេញជិតបានមួយឆ្នាំ ពេលនេះ LG បានបញ្ចេញម៉ាស់ជំនាន់ថ្មីរបស់គេមកហើយ ដោយក្នុងនោះមានរូបរាងស្រដៀងគ្នាច្រើននឹងជំនាន់មុនដែរ ប៉ុន្តែលើកនេះគេបានដាក់បន្ថែមចំណុចកាន់តែសំខាន់មួយចំនួនទៀត។

មិនខុសទេ ចំណុចសំខាន់ដំបូងដែលមាននៅលើម៉ាស់បន្សុទ្ធខ្យល់ជំនាន់ថ្មីរបស់ LG នោះ គឺថាលើកនេះគេបានបំពាក់ម៉ូទ័រស្រាល និងតូចមួយ ដើម្បីដំណើរការលើកង្ហាររបស់វា ក្នុងការបន្សុទ្ធខ្យល់ ហើយកាន់តែពិសេសទៀតនោះ វាក៏មានភ្ជាប់មកជាមួយនឹងឧបករណ៍ស្រួបសម្លេង ព្រមទាំង Speaker មកទៀតផង។ ក្នុងការបំពាក់ជាមួយ Mic និង Speaker នេះ គឺវាបាននាំយកមុខងារសំខាន់មួយចំនួនទៅក្នុងម៉ាស់ជំនាន់ថ្មី ជាក់ស្ដែងដូចជាមុខងារមួយ LG ហៅថា VoiceON ដែលវាមាននាទី ធ្វើការកត់សម្គាល់ដោយស្វ័យប្រវត្តិ នៅពេលអ្នកប្រើប្រាស់និយាយ ហើយនឹងធ្វើការបំពងសម្លេងរបស់អ្នកប្រើ ឲ្យកាន់តែច្បាស់ងាយស្រួលស្ដាប់ជាងមុន តាមរយៈ Speaker របស់វា។ 

ទោះជាម៉ាស់ខាងលើមានមុខងារ ក៏ដូចជាបច្ចេកវិទ្យាទំនើបមែន ប៉ុន្តែនៅរក្សាទម្ងន់ស្រាលសមរម្យមួយខ្ទង់ 94g នេះបើទោះនៅក្នុងនោះ មានបំពាក់ជាមួយថាមពលថ្មកម្លាំង 1,000mAh មកស្រាប់ក៏ដោយ។

ក្នុងការសាកថ្មរបស់វា LG អះអាងថា នឹងចំណាយពេល 2 ម៉ោងតាមរយៈរន្ធសាក USB-C ដែលមាននៅផ្នែកខាងកៀននៃម៉ាស់នោះ។ ក្រុមហ៊ុនកូរ៉េខាងត្បូងក៏បានបន្ថែមថា ម៉ាស់ជំនាន់ថ្មីរបស់គេនេះ អាចឲ្យអ្នកប្រើប្រាស់ពាក់ខ្ទង់ 8 ម៉ោង បានដោយមានផាសុខភាពទៀតផង។ យ៉ាងណាក៏ដោយ សម្រាប់តម្លៃនៅមិនទាន់មានការបង្ហាញប្រាប់នោះទេ ប៉ុន្តែគេបង្ហើបថា នឹងមានលក់លើទីផ្សារប្រទេសថៃ និងប្រទេសមួយចំនួនទៀត ចាប់ពីខែក្រោយនេះទៅ។

គួរបញ្ជាក់ដែរថា LG មិនមែនជាក្រុមហ៊ុនទីមួយនោះទេ ដែលបំពាក់ឧបករណ៍ស្រួបសម្លេង និងឧបករណ៍បំពងសម្លេងក្នុងម៉ាស់របស់ខ្លួន ជាក់ស្ដែង Razer កន្លងទៅក៏បានប្រកាសចេញមួយមកដែរ ថែមទាំងមានរំលេចជាមួយភ្លើង LED ទៀតផង ហើយក្នុងនោះគេមានគម្រោងក្នុងការដាក់នៅចុងឆ្នាំខាងមុខនេះ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង