Samsung ត្រូវបានគេរាយការណ៍ថា កំពុងធ្វើតេស្តបច្ចេកវិទ្យាសាកថ្មកម្លាំង 65W សម្រាប់ Galaxy S22 Series​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

ខណៈពេលនេះ Samsung កំពុងតែរវល់ជាមួយ Galaxy Z Fold3 និង Z Flip3 របស់ខ្លួន ព្រោះថាទូរសព្ទឆ្លាតអេក្រង់បត់ជំនាន់ថ្មីទាំង 2 នេះ នឹងត្រូវប្រកាសចេញជាផ្លូវការ នៅថ្ងៃទី 11 ខែសីហា ឆ្នាំ 2021 ខាងមុខ។ បន្ទាប់ពីទូរសព្ទឆ្លាតលំដាប់កំពូលទាំង 2 នេះ ត្រូវបានប្រកាសចេញហើយ យើងអាចរំពឹងបានថា Samsung នឹងងាកមកយកចិត្តទុដាក់នៅលើ Galaxy S21 FE បន្ទាប់មកគឺ Galaxy S22 Series ច្បាស់ជាមិនខាន។

តាមរយៈព័ត៌មានដែលទទួលបានថ្មីៗនេះ បានបង្ហាញឲ្យយើងដឹងថា Galaxy S22 Series នឹងបង្ហាញខ្លួនមកជាមួយលក្ខណៈសម្បត្តិពិសេសៗ ក៏ដូចជាកាន់តែខ្លាំងជាងជំនាន់មុនរបស់ពួកវាទៅទៀត។ ជាក់ស្តែង Samsung ត្រូវបានគេរាយការណ៍ថា កំពុងតែធ្វើតេស្តបច្ចេកវិទ្យាសាកថ្មកម្លាំង 65W សម្រាប់ Galaxy S22 Series របស់ខ្លួន។ អញ្ចឹងបើអ្វីដែលអ្នកចែកចាយព័ត៌មានបែកធ្លាយ FrontTron លើកឡើងមក ក្លាយទៅជាការពិតមែននោះ មានន័យថា វាជាការអាប់ដេតដ៏ធំមួយទៅលើបច្ចេកវិទ្យាសាកថ្មល្បឿនលឿនរបស់ Samsung។ ត្រលប់ទៅកាលពីខែកុម្ភៈ ឆ្នាំ 2021 កន្លងទៅ មានគេប្រទះឃើញថា ឆ្នាំងសាកល្បឿនលឿនកម្លាំង 65W (20V/3.25A) របស់ Samsung ទទួលបានវិញ្ញាបនបត្រពីស្ថាប័នសុវត្ថិភាព TÜV SÜD។

ថ្វីត្បិតតែខណៈពេលនេះ Samsung មិនទាន់បានបញ្ជាក់ជាផ្លូវការថា Galaxy S22 Series នឹងបំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 65W ក៏ពិតមែន។ ប៉ុន្តែយោងទៅតាមរបាយការណ៍ថ្មីខាងលើ ក៏ដូចជាភស្តុតាងដែលគេបានប្រទះឃើញកន្លងមក បានធ្វើឲ្យអ្នកគាំទ្ររបស់ Samsung មួយចំនួនជឿថា Galaxy S22 Series នឹងអាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 65W ច្បាស់ជាមិនខាន។ ចុះសម្រាប់ប្រិយមិត្តទាំងអស់គ្នាវិញ គិតថា Galaxy S22 Series នឹងគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនកម្លាំងប៉ុន្មាន W ដែរ? 25W ឬ 45W ឬក៏ 65W?

ដោយ​ ៖ FrontTron
អត្ថបទទាក់ទង