គិតត្រឹមសប្តាហ៍ទី 2 នៃខែកក្កដានេះ Sony លក់ម៉ាស៊ីនហ្គេម PlayStation 5 បានចំនួនជាង 10 លានគ្រឿងហើយ​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

បញ្ហាដ៏ធំបំផុតរបស់ Sony នៅពេលនេះគឺពួកគេមិនអាចផ្គត់ផ្គង់ម៉ាស៊ីនហ្គេម PlayStation 5 ឲ្យបានគ្រប់គ្រាន់នោះទេ ព្រោះថាតម្រូវការ PlayStation 5 នៅតែមានកំណើនខ្ពស់។ ជាក់ស្តែង តាមរយៈរបាយការណ៍ដែលទទួលបានពីគេហទំព័រ VGChartz នៅក្នុងថ្ងៃនេះ បានបង្ហាញឲ្យយើងដឹងថា គិតត្រឹមសប្តាហ៍ទី 2 នៃខែកក្កដា ឆ្នាំ 2021 Sony លក់ម៉ាស៊ីនហ្គេម PlayStation 5 បានចំនួន 10.1 លានគ្រឿងហើយ។

ដូច្នេះមានន័យថា ត្រឹម 35 សប្តាហ៍ប៉ុណ្ណោះ PlayStation 5 ត្រូវបានលក់ចេញដល់ទៅជាង 10 លានគ្រឿង ជាហេតុធ្វើឲ្យវាក្លាយទៅជាម៉ាស៊ីនហ្គេម ដែលលក់បានចំនួន 10 លានគ្រឿង លឿនជាងគេរបស់ Sony គិតត្រឹមរយៈពេលដូចគ្នា។ ខណៈដែល PlayStation 4 ចំណាយពេលដល់ទៅ 39 សប្តាហ៍ ទើបអាចលក់ចេញបានចំនួន 10.1 លានគ្រឿង។ តាមរយៈព័ត៌មានដែលទទួលបានពីប្រភពខាងលើ ក៏បានបង្ហាញឲ្យយើងដឹងផងដែរថា គិតត្រឹមសប្តាហ៍ទី 2 នៃខែកក្កដា ឆ្នាំ 2021 Microsoft អាចលក់ម៉ាស៊ីនហ្គេម Xbox Series X/S បានចំនួនជិត 6 លានគ្រឿងហើយ។ អញ្ចឹងបើប្រៀបធៀបគ្នា យើងអាចនិយាយបានថា PlayStation 5 ទទួលបានការគាំទ្រច្រើនជាង Xbox Series X/S គួរឲ្យកត់សម្គាល់។ យ៉ាងណាមិញ ខ្ញុំគិតថា Microsoft ទទួលបានលទ្ធផលគួរឲ្យសរសើរផងដែរ បើប្រៀបធៀបជាមួយម៉ាស៊ីនហ្គេមជំនាន់មុនរបស់ពួកគេ។

មិនទាន់អស់នោះទេ យោងទៅតាមព័ត៌មានដែលទទួលបានពីប្រភពខាងលើដដែល ក៏បានធ្វើឲ្យយើងបានដឹងបន្ថែមទៀតថា គិតចាប់តាំងពីពេលដាក់លក់ដំបូង រហូតមកដល់សប្តាហ៍ទី 2 នៃខែកក្កដា ឆ្នាំ 2021 នេះ PlayStation 4 បានលក់ចេញដល់ទៅជាង 115 លានគ្រឿងហើយ។ ចំណែកឯ Nintendo Switch លក់ចេញបានចំនួនជាង 88 លានគ្រឿង ខណៈ Xbox One លក់ចេញបានចំនួនជាង 50 លានគ្រឿង។

ដោយ​ ៖ VGChartz
អត្ថបទទាក់ទង